ព័ត៌មានអន្តរជាតិ

វ៉េណេស៊ុយអេឡា ខាតបង់ GDP ដល់ទៅ ៧០០ ពាន់លានដុល្លារពីទណ្ឌកម្មអាមេរិក

Xinhua

ការ៉ាកាសៈ អនុប្រធានាធិបតី វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានឲ្យដឹងថា ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវេណេហ្ស៊ុយអេឡា បានបណ្តាលឱ្យមានការខាតបង់ជិត ៧០០ពាន់លានដុល្លារនៅក្នុងផលិតផល ក្នុងស្រុកសរុប GDP ។

អនុប្រធានាធិបតីបានឲ្យដឹងនៅក្នុង សិក្ខាសាលាអន្តរជាតិ មួយដែលបានធ្វើឡើងនៅទីក្រុង Santa Cruz de la Sierra ប្រទេសបូលីវីថា ឧស្សាហកម្មប្រេង របស់វេណេស៊ុយអេឡាបានទ្រទ្រង់ ការខាតបង់ជិត ២៣២ពាន់លានដុល្លារ ដោយសារតែការដាក់ទណ្ឌកម្ម ដែលបានបន្ថែមពីលើការបង្កកទ្រព្យ សម្បត្តិរបស់វ៉េណេស៊ុយអេឡាជាង ២២ ពាន់លានដុល្លារនៅក្នុងធនាគារអន្តរជាតិ។

លោកស្រីបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបរាជ័យក្នុងការអនុវត្តតាមការដកទណ្ឌកម្ម ដូចដែលបានបង្កើតឡើង នៅក្នុងកិច្ចព្រមព្រៀង Barbados ដែលបានឈានដល់រវាងរដ្ឋាភិបាល និងគណបក្សប្រឆាំងវេណេស៊ុយអេឡាក្នុងខែតុលា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងនេះ បាននាំមកនូវការធូរស្រាល ដែលត្រូវបានគេស្គាល់ថាជា General License ៤៤ ពីសហរដ្ឋអាមេរិកលើរដ្ឋាភិបាលរបស់ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ ក្នុងខែតុលា ឆ្នាំ២០២3 ប៉ុន្តែរដ្ឋបាលលោក ចូ បៃដិន បានដាក់ទណ្ឌកម្មឡើងវិញលើប្រទេស វេណេស៊ុយអេឡា នៅក្នុងខែមករា ដោយនិយាយថាការផ្លាស់ប្តូរនេះ គឺដើម្បីឆ្លើយតបទៅនឹងការ សម្រេចចិត្តរបស់លោក ម៉ាឌូរ៉ូ ក្នុងការហាមឃាត់ បេក្ខជន​ប្រឆាំង​នាំមុខ​គេ​ពី​ការ​ឈរ​ ឈ្មោះ​ជា​ប្រធានាធិបតី ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top