ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប កើនឡើងលើសពី៣១.៥០០នាក់ហើយ

Xinhua

ហ្គាហ្សា៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ថា ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣១.៥៥៣នាក់ហើយ ។

យោងតាមក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៦៣នាក់ និងរបួសចំនួន១១២នាក់ទៀត ដែលធ្វើឲ្យដឹងចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣១.៥៥៣នាក់ និងរបួសដល់ ៧៣.៥៤៦នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាសបានផ្ទុះឡើង ។

ទន្ទឹមនឹងនេះដែរ ក្រសួងការបរទេស និងជនបរទេសប៉ាឡេស្ទីន បានជំរុញឱ្យមានអន្តរាគមន៍មនុស្សធម៌អន្តរជាតិ តាមរយៈដំណោះស្រាយដែលចង នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបង្ខំអ៊ីស្រាអ៊ែល ឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយធានាសុវត្ថិភាពរបស់ជនស៊ីវិល និងការផ្តល់ជំនួយឲ្យមាននិរន្តរភាព ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញ ដោយក្រសួងការបរទេសបានគូសបញ្ជាក់ថា អ៊ីស្រាអ៊ែល នៅតែបន្តគំរាមកំហែងឈ្លានពានមកលើទីក្រុង Rafah ដោយមិនផ្តល់ផែនការជាក់ស្តែង ដើម្បីការពារជនស៊ីវិល និងដោះស្រាយតម្រូវការមនុស្សធម៌ ជាមូលដ្ឋានរបស់ពួកគេឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top