ព័ត៌មានអន្តរជាតិ

Update៖ លោក Zelensky ពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធាន ក្រុមបឹក្សាអឺរ៉ុប ដើម្បីសុំចូលជា សមាជិករបស់ EU

AFP

គៀវ៖ កាលពីថ្ងៃអង្គារ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជុំវិញបំណង របស់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមជាមួយ សហភាពអឺរ៉ុប (EU) ។
ចំពោះការសន្ទនានេះដែរ គឺបានធ្វើឡើងនៅប៉ុន្មានថ្ងៃមុន ពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប ហើយមេដឹកនាំទាំង២ បានពិភាក្សាអំពីជំហានឆ្ពោះ ទៅរកការចាប់ផ្តើមការចរចា ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប របស់ប្រទេសអ៊ុយក្រែន ។

លើសពីនេះទៅទៀត លោក Zelensky និងលោក Michel បានផ្លាស់ប្តូរយោបល់គ្នាពីការរំពឹង ទុករបស់ពួកគេសម្រាប់ កិច្ចប្រជុំកំពូលអ៊ុយក្រែន និងសហភាពអឺរ៉ុបលើកទី២៥ ។

មេដឹកនាំទាំង២ក៏បានពិភាក្សា អំពីការគាំទ្របន្ថែមទៀត របស់សហភាពអឺរ៉ុប សម្រាប់ប្រទេសអ៊ុយក្រែន រួមទាំងការពង្រីកវិធានការ សេរីភាវូបនីយកម្មពាណិជ្ជកម្ម ដែលគ្រោងនឹងផុត កំណត់នៅថ្ងៃទី៥ ខែមិថុនា សម្រាប់រយៈពេល១ឆ្នាំបន្តទៀត ។

គួររំលឹកថា នៅខែធ្នូ ឆ្នាំ២០២៣ មេដឹកនាំសហភាពអឺរ៉ុប បានយល់ព្រមបើកការចរចា ឲ្យដាក់បញ្ចូលសមាជិកភាព ជាមួយអ៊ុយក្រែន ។

កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបដែលបានគ្រោងធ្វើឡើង នៅថ្ងៃទី២១ដល់២២ខែមីនានេះ នឹងពិភាក្សាអំពីការគាំទ្ររបស់ EU សម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដែលនឹងត្រូវលើកមកពិភាក្សាគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top