ព័ត៌មានអន្តរជាតិ

លោក Prabowo Subianto ឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីថ្មី របស់ឥណ្ឌូនេស៊ី

Xinhua

ហ្សាការតា ៖ គណៈកម្មការរៀប ចំការបោះឆ្នោត ទូទៅរបស់ប្រទេស ហៅកាត់ថា (KPU) បានប្រកាសនៅថ្ងៃពុធ ទី២០ ខែមីនា ថា គូប្រជែងប្រធានាធិបតី និងអនុប្រធានាធិបតី Prabowo Subianto និងលោក Gibran Rakabuming Raka បានឈ្នះការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី ប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២៤ ។

យោងតាមការរាប់សន្លឹកឆ្នោតជាផ្លូវការដែលចេញផ្សាយដោយ KPU លោក Prabowo-Gibran ទទួលបានសំឡេងគាំទ្រ ៩៦.២១៤,៦៩១ ដោយយកឈ្នះ គូប្រជែង Anie Baswedan-Muhaimin Iskandar ដែលទទួលបានត្រឹម តែ៤០.៩៧១,៩០៦សំឡេង និង Ganjar Pranowo-Mahfud MD ដែលទទួលបានសំឡេង គាំទ្រចំនួន២៧.០៤០,៨៧៨ ។

គួរបញ្ជាក់ថា លោក Prabowo ជារដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន ខណៈដែលលោក Gibran ជាអភិបាលក្រុង Solo និងជាកូនប្រុសច្បងរបស់ប្រធានាធិបតី ដែលកំពុងកាន់អំណាច គឺលោក Joko Widodo ។

ពិធីសម្ពោធប្រកាសប្រធានាធិបតី និងអនុប្រធានាធិបតី ដែលទើបជាប់ឆ្នោតថ្មីគ្រោងធ្វើនៅថ្ងៃទី២០ ខែតុលា ក្នុងឆ្នាំនេះ ។

ប្រទេសឥណ្ឌូនេស៊ី បានរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៤ របស់ខ្លួននៅថ្ងៃទី១៤ ខែកុម្ភៈ ដោយជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី ព្រមទាំងសមាជិកសភាជាតិ និងនៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top