ព័ត៌មានអន្តរជាតិ

Update៖ ប៉ាឡេស្ទីន ស្វាគមន៍ ចំពោះការសម្រេចចិត្ត បញ្ឈប់ការនាំចេញ អាវុធពីកាណា ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល

ប្រភព ៖ AFP

រ៉ាម៉ាឡាហ៍ ៖ កាលពីថ្ងៃពុធ លោក Mohammad Shtayyeh នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន បានស្វាគមន៍ការសម្រេចចិត្ត របស់រដ្ឋាភិបាលកាណាដា ក្នុងការបញ្ឈប់ការនាំចេញអាវុធ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ស្របពេលមានសង្រ្គាម ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប ។

លោក Shtayyeh បានថ្លែងឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអ៊ែល ទាមទារឱ្យមានជំហរអន្តរជាតិ យ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការបំពាក់ អាវុធដល់អ៊ីស្រាអ៊ែល និងដាក់ទណ្ឌកម្មជាបន្ទាន់ ដើម្បីទប់ស្កាត់ប្រទេសនេះពីការបន្តសកម្មភាពឧក្រិដ្ឋកម្មរបស់ខ្លួន” ។

លោកបានសង្កត់ធ្ងន់លើតម្រូវការ បន្ទាន់ក្នុងការដាក់សម្ពាធ លើការបើកច្រកព្រំដែនទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ធានាការនាំចូលជំនួយមនុស្សធម៌ ឲ្យបានគ្រប់គ្រាន់ និងការស្តារការផ្គត់ផ្គង់អគ្គិសនី និងទឹកឡើងវិញផងដែរ ។

គួររំលឹកថា កាលពីរាត្រីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសកាណាដា លោក Melanie Joly បានប្រកាសថា ក្រុង Ottawa នឹងបញ្ឈប់ការនាំចេញអាវុធ របស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top