ព័ត៌មានអន្តរជាតិ

មន្ត្រីសន្តិសុខកំពូល របស់កោះតៃវ៉ាន់ ណែនាំមិនឱ្យ ប្រធានាធិបតី លោកស្រី Tsai Ing-wen ឱ្យទៅទស្សនកិច្ចនៅ សមុទ្រចិនខាងត្បូង

AFP

បរទេស៖ មន្ត្រីសន្តិសុខកំពូល របស់កោះតៃវ៉ាន់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកមិនណែនាំប្រធានាធិបតី លោកស្រី Tsai Ing-wen ឱ្យទៅទស្សនកិច្ច នៅសមុទ្រចិនខាងត្បូង នោះទេ ដោយសារហានិភ័យ ដែលអាចកើតមាន ចំពោះការហោះហើររបស់លោកស្រីពី “ការជ្រៀតជ្រែកពីប្រទេសពាក់ព័ន្ធ” ដោយសារវត្តមានយោធារបស់ចិននៅទីនោះ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទាំងកោះតៃវ៉ាន់ និងចិនបានទាមទារភាគច្រើន នៃសមុទ្រចិនខាងត្បូង ជាទឹកដីរបស់ពួកគេ ប៉ុន្តែកោះតៃវ៉ាន់ គ្រប់គ្រង តែកោះសំខាន់មួយនៅក្នុងប្រជុំកោះ Spratly ដែលមានជម្រៅជ្រៅនៅភាគខាងត្បូង នៃសមុទ្រហៅថា Itu Aba ដែលតៃវ៉ាន់ហៅថាកោះ Taiping ។

សមាជិកសភាមួយ ចំនួនមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងសំខាន់ៗបានអំពាវនាវឱ្យលោកស្រី Tsai ធ្វើដំណើរទៅកោះ Itu Aba មុនពេលលោកស្រី ចុះចេញពីតំណែងក្នុងខែឧសភា ដើម្បីអះអាងអំពីអធិបតេយ្យភាព របស់កោះតៃវ៉ាន់ និងមើលកំពង់ផែ ដែលត្រូវបានជួសជុលថ្មី ដែលអាចផ្ទុកកប៉ាល់ធំៗបាន។

អ្នកកាន់តំណែងមុនរបស់លោកស្រី ទាំងពីរបានធ្វើដំណើរទៅកោះនេះ ប៉ុន្តែលោកស្រីមិនទាន់ធ្វើដូច្នេះនៅឡើយទេ ពេលលោកស្រីកាន់តំណែង ។

អគ្គនាយកនៃការិយាល័យសន្តិសុខជាតិ កោះតៃវ៉ាន់ លោក Tsai Ming-yen បាននិយាយថា សមុទ្រចិនខាងត្បូងមានកម្លាំង យោធាច្រើន ហើយរដ្ឋាភិបាលក៏ត្រូវពិចារណា ពីរបៀប ដែលសហគមន៍អន្តរជាតិមានទស្សនៈ ចំពោះការធ្វើដំណើរ បែបនេះដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top