ព័ត៌មានអន្តរជាតិ

អាមេរិក ជួលឧទ្ធម្ភាគចក្រ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេស ហៃទី

VOA

បរទេស៖ មន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិក បាននិយាយ នៅថ្ងៃពុធថា ខ្លួនកំពុងជម្លៀសជនជាតិ អាមេរិកកាន់តែច្រើន ពីប្រទេសហៃទី ខណៈដែលប្រទេស នៅសមុទ្រ ការាបៀនក្រីក្រមួយនេះ កំពុងជន់ជោរដោយអំពើហិង្សា ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោក Vedant Patel បាននិយាយថា ឧទ្ធម្ភាគចក្រជួល ដោយសហរដ្ឋអាមេរិក ដើម្បីដឹកពលរដ្ឋរបស់ខ្លួន ពីរដ្ឋធានី Port-au-Prince របស់ប្រទេសហៃទី ដែលត្រូវបានក្រុមជន ប្រដាប់អាវុធវាយលុកយ៉ាងច្រើន នាំទៅកាន់សាធារណរដ្ឋដូមីនីក ។

ប្រទេសហៃទី និងសាធារណរដ្ឋដូមីនីក កាន់កាប់ពាក់កណ្តាលនៃកោះ Hispaniola ។

លោក Patel បានប្រាប់អ្នកយកព័ត៌មានថា “យើងរំពឹងថា ចលនាឧទ្ធម្ភាគចក្រទាំងនេះនឹងធ្វើដំណើរច្រើនដង ដើម្បីព្យាយាម និងទទួលបានពលរដ្ឋអាមេរិកឱ្យបានច្រើន តាមដែលអាចធ្វើបាននាពេលបច្ចុប្បន្ន” ។

លោកមិនបានបង្ហាញ ពីពេលវេលា នៃជើងហោះហើរជម្លៀស ឬចំនួនជនជាតិអាមេរិកដែលរំពឹងថា នឹងចាកចេញពី ប្រទេសហៃទីនោះទេ ដោយលើកឡើងពីការព្រួយ បារម្ភអំពីសន្តិសុខប្រតិបត្តិការ។

លោកបានបន្ថែមថា ក្រសួងការបរទេស នឹងវាយតម្លៃ នៅពេលក្រោយថា តើត្រូវបញ្ជូនឧទ្ធម្ភាគចក្រ បន្ថែមទៀត នៅក្នុងប៉ុន្មាន ថ្ងៃខាងមុខនេះ ។ បើតាមលោក Patel , បុគ្គលិករដ្ឋាភិបាលអាមេរិក នឹងផ្តល់សេវាកុងស៊ុល ដល់ជនជាតិអាមេរិកដែលមកដល់រដ្ឋធានី Santo Domingo នៃសាធារណរដ្ឋដូមីនីក ប៉ុន្តែបន្ទាប់មកពួកគេនឹងត្រូវរៀបចំការ ធ្វើដំណើររបស់ពួកគេត្រឡប់ ទៅសហរដ្ឋអាមេរិកវិញ៕
ប្រែសម្រួលៈ ណៃ តុលា

To Top