ព័ត៌មានអន្តរជាតិ

អតីតព្រះចៅអធិការវត្ត​ នៅប្រទេសថៃមួយអង្គ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារចំនួន ៤៦៨ ឆ្នាំ

Xinhua

បរទេស៖ អតីតព្រះចៅអធិការវត្តនៅប្រទេសថៃ មួយអង្គត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារចំនួន ៤៦៨ ឆ្នាំ ពីបទពាក់ព័ន្ធនឹងករណី ឆបោកតម្លៃប្រហែល ៣០០ លានបាត ស្មើនឹងប្រហែល ៨,៣ លានដុល្លារ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមការផ្សាយរបស់ កាសែត បាងកកប៉ុស្តិ៍ ថា ព្រះសង្ឃ ព្រះនាម Phra Ajarn Khom អតីតព្រះចៅអធិការវត្ត Pa Dhammakiri ក្នុងស្រុក Pak Chong ប្រទេសថៃ ត្រូវបានកាត់ទោស ដោយតុលាការឧក្រិដ្ឋកម្ម កណ្តាលពីបទពុករលួយ និងប្រព្រឹត្តិខុសកាលពីថ្ងៃពុធ ។

ចំណែកបក្ខពួក៨នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារផងដែរ ពីបទពាក់ព័ន្ធក្នុងសំណុំរឿងនេះ ។

តុលាការបាននិយាយថា Phra Ajarn Khom បានកេងបន្លំប្រាក់ ដែលវត្តទទួលបានដោយរក្សាទុកក្នុងគណនីធនាគាររបស់គាត់ បន្ទាប់មកឲ្យប្អូនស្រីរបស់គាត់ដកចេញ។ ប្រាក់ដែលដកបានមួយចំនួន ត្រូវបានរក្សាទុកនៅផ្ទះរបស់គាត់ ហើយប៉ូលិសថៃរឹបអូសបានប្រាក់ ៥១,៤ លានបាត ។

Phra Ajarn Khom ក៏បានបញ្ជា ឲ្យអ្នកដទៃលាក់ទ្រព្យសម្បត្តិនៅខាងក្រៅវត្ត។ សារព័ត៌មានថៃបានរាយការណ៍ថា ក្រោយមកប៉ូលីសបានរកឃើញ សាច់ប្រាក់ និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធ ដែលមានតម្លៃសរុប ២៩៩,៥ លានបាត។

ច្បាប់ថៃចែងថា រយៈពេលអតិបរមា ដែលអ្នកអាចជាប់ពន្ធនាគារគឺ ៥០ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top