ព័ត៌មានអន្តរជាតិ

លោកស្រីនាយករដ្ឋមន្រ្តី អ៊ីតាលី ត្រូវបុរស២នាក់ កាត់តរូបមុខមាត់ចូលទៅក្នុងវីដេអូ អាសអាភាស ដែលត្រូវបានគេមើលឃើញ រាប់លានដងលើអ៊ិនធ័រណិត

ប្រភព ៖ AFP

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី គឺលោកស្រី Giorgia Meloni កំពុងស្វែងរកសំណងពីខូចខាតចំនួន ១០០.០០០ អឺរ៉ូ (១០៨.៦៥០ ដុល្លារ) ពីបុរសពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទបញ្ចូលរូប របស់លោកស្រីទៅក្នុងវីដេអូអាសអាភាស ហើយដែលត្រូវបាន “មើលរាប់លានដង” តាមអ៊ីនធ័រណិត ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលីបានរាយការណ៍ថា តុលាការនៅក្រុង Sardinia កាលពីថ្ងៃអង្គារបានហៅលោកស្រី Meloni ដើម្បីឱ្យផ្តល់សក្ខីកម្មប្រឆាំងនឹងបុរសទាំង២នាក់នៅក្នុងខែកក្កដា។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ហើយប្រឈមនឹងការចោទប្រកាន់ខាងព្រហ្មទណ្ឌព្រមទាំងបណ្តឹងរដ្ឋប្បវេណីរបស់លោកស្រី Meloni។

យោងតាមមេធាវីរបស់លោកស្រី Meloni , បុរសដែលមានអាយុ ៤២ឆ្នាំ និងឪពុកអាយុ ៧៣ឆ្នាំ បានកាត់តដាក់មុខនាយករដ្ឋមន្ត្រីគឺលោកស្រី Meloni លើរាងកាយរបស់តារាសម្តែងអាសអាភាសម្នាក់ទៀត ហើយបានបង្ហោះវីដេអូច្បាស់លាស់ជាច្រើនទៅកាន់គេហទំព័រអាសអាភាសរបស់អាមេរិក។ សារព័ត៌មាន ANSA បញ្ជាក់ថា វីដេអូទាំងនោះ “បានបន្តអ៊ីនធឺណិតជាច្រើនខែ ហើយត្រូវបានមើលរាប់លានដងដោយអ្នកប្រើជុំវិញពិភពលោក”។

វីដេអូនេះត្រូវបានបង្កើតឡើង មុនពេលដែលលោកស្រី Meloni ក្លាយជានាយករដ្ឋមន្ត្រី នៅឆ្នាំ ២០២២ ហើយជនសង្ស័យ ដែលត្រូវបានចោទប្រកាន់ ត្រូវបានចាប់ខ្លួននៅឆ្នាំ ២០២០ បន្ទាប់ពីប៉ូលីសបានកំណត់អត្តសញ្ញាណ និងតាមដានឧបករណ៍ចល័ត ដែលប្រើដើម្បីបង្ហោះពួកគេ តាមអ៊ីនធឺណិត៕
ប្រែសម្រួលៈ ណៃ តុលា

To Top