ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បន្តងើបឡើងវិញ ប្រកបដោយភាពល្អ ប្រសើរជាបន្តបន្ទាប់

ព្រឹកថ្ងៃទី១៨ខែមីនា ការិយាល័យព័ត៌មាន របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាន អ្នកទទួលខុសត្រូវពាក់ព័ន្ធ នៃរដ្ឋបាលជាតិស្ថិតិចិន ណែនាំថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ ស្របពេលដែលប្រសិទ្ធភាព នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ត្រូវបានបញ្ចេញជាបន្តបន្ទាប់ តម្រូវការផ្នែក ផលិតកម្ម បានកើនឡើងជាលំដាប់ ស្ថានភាពប្រកបការងារ មានស្ថិរភាពជាទូទៅ សន្ទស្សន៍នៃថ្លៃទំនិញប្រើប្រាស់ របស់ប្រជាជន បានប្រែពីការធ្លាក់ចុះ ទៅជាការកើនឡើងបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ គុណភាពនៃការអភិវឌ្ឍមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ហើយដំណើរការនៃសេដ្ឋកិច្ចចិន មានការចាប់ផ្តើមដោយរលូន ដែលបានបន្តនិន្នាការងើបឡើងវិញ ប្រកបដោយភាពល្អប្រសើរ ។

បើមើលពីសភាពការណ៍ដំណើរការ នៃសូចនាករសេដ្ឋកិច្ចសំខាន់ៗពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ អាចឃើញថា ដំណើរការនៃសេដ្ឋកិច្ចចិន បានបង្ហាញពីការប្រែប្រួលយ៉ាង សកម្មជាច្រើន ។

ទីមួយ សន្ទស្សន៍នៃតម្រូវការផ្នែកផលិតកម្មសំខាន់ៗ បានកើនឡើងជាលំដាប់។ បើមើលពីខាងផលិតកម្ម ផលិតកម្មឧស្សាហកម្មបានបង្កើនល្បឿន ឧស្សហកម្មផលិតកម្មទំនិញ ប្រើប្រាស់និងបច្ចេកវិទ្យាខ្ពស់បានកើនឡើងវិញ ហើយក្របខណ្ឌកំណើន នៃឧស្សាហកម្មនិងមុខរបរត្រូវបានពង្រីក។ បើមើលពីខាងតម្រូវការ ការលក់នៅទីផ្សារបន្តងើបឡើងវិញ សក្ដានុពលប្រើប្រាស់របស់ទំនិញ ដែលបានធ្វើឱ្យប្រសើរឡើងត្រូវបានបញ្ចេញ ហើយថ្ងៃឈប់សម្រាកបានជំរុញ ឱ្យការប្រើប្រាស់សេវាកម្មឡើងកម្តៅ។ បើមើលពីខាងវិនិយោគ ការវិនិយោគលើវិស័យកម្មន្តសាល ក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២៤ បានកើនឡើង៩.៤ភាគរយ ដោយបង្កើនល្បឿន២.៩ភាគរយ។ ការវិនិយោគក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងការវិនិយោគក្នុងការកែលម្អបច្ចេកវិទ្យានៃផលិតកម្មបានកើនឡើង៩.៤ភាគរយនិង១៥.១ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលបានរក្សាល្បឿនកំណើនដ៏លឿនគួរសម ។

ទីពីរ ស្ថានភាពប្រកបការងារមានស្ថិរភាពជាទូទៅ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីបានរក្សាស្ថិរភាព។ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីនៅខែមករា គឺ៥.២ភាគរយ ហើយនៅខែកុម្ភៈ គឺ៥.៣ភាគរយ ដែលបានធ្លាក់ចុះ០.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

ទីបី សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ របស់ប្រជាជនបានប្រែពីការធ្លាក់ចុះ០.៨ភាគរយកាលពីខែមុន ទៅជាការកើនឡើង០.៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។

ទីបួន កម្លាំងចលាករថ្មីនិងឧត្តមភាពថ្មី ត្រូវបានពូនដ្រំដោយឥតឈប់ឈរ ហើយទម្រង់អាជីវកម្មថ្មីបន្តមានភាពសកម្ម។ ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ការលក់រាយទំនិញតាមអ៊ីនធឺណែធ បានកើនឡើង១៤.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ និងកើនឡើង៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ពេញមួយឆ្នាំ។

នាពេលបច្ចុប្បន្ន ទោះបីជាបរិយាកាស ដែលការអភិវឌ្ឍសេដ្ឋកិច្ចកំពុងប្រឈម នៅតែមានភាពស្មុគស្មាញនិងតឹងរ៉ឹងក៏ដោយ ក៏ប៉ុន្តែ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចិនបានវិវឌ្ឍទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ ហើយកត្តាវិជ្ជមានដែលជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញប្រកបដោយភាពល្អប្រសើរ កំពុងសន្សែសន្សំនិងត្រូវពង្រឹង ម្យ៉ាងទៀត គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចបន្តជះឥទ្ធិពលនិងមានប្រសិទ្ធិភាព បានជាអាចផ្តល់ការទ្រទ្រង់ ដល់ការសម្រេចបាននូវគោលដៅរំពឹងទុក នៃកំណើនសេដ្ឋកិច្ច ពោលគឺហែល៥ភាគរយ ។

បើមើលពីសភាព ការណ៍ សន្ទស្សន៍ពីខែមករាដល់ខែកុម្ភៈ តម្រូវការផ្នែកផលិតកម្មបានកើនឡើងជាលំដាប់ ហើយសូចនាករភាគច្រើន បានរក្សានិន្នាការ កំណើនដ៏ល្អបង្គួរ។ស្ថានភាពប្រកបការងារ មានស្ថិរភាពជាទូទៅ ថ្លៃទំនិញប្រើប្រាស់មានលំនឹង និងងើបឡើងវិញ ហើយដំណើរការ នៃសេដ្ឋកិច្ច បានបន្តនិន្នាការងើបឡើងវិញ និង ល្អប្រសើរឡើង ដោយបានចាក់គ្រឹះដ៏ល្អ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយស្ថិរភាពនិង ឆាប់រហ័សពេញមួយឆ្នាំ។ ស្របពេលជា មួយនឹង ការស្ដារឡើងវិញបន្តិចម្តងៗ នៃកម្លាំងចលករផ្ទៃក្នុង សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច លំហូរនៃកត្តា ដូចជាមនុស្សនិងទំនិញ ជាដើមកាន់តែ មានភាពរស់រវើក ដែលនឹងអំណោយផល ដល់ការកែលម្អវដ្តសេដ្ឋកិច្ចជាលំដាប់ ។ ក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ២០២៤ បរិមាណដឹកជញ្ជូនអ្នក ដំណើរ បានកើនឡើង២៧.៤ភាគរយ ហើយទំហំលក់រាយនៃឧស្សហកម្មសេវាកម្ម បានកើនឡើង១២.៣ភាគរយ ដែលបានផ្តល់នូវការគាំទ្រ យ៉ាងខ្លាំង ដល់ការពង្រីកតម្រូវការ នៃការប្រើប្រាស់ ។ ក្រោមការជំរុញពីតម្រូវការ នៃការប្រើប្រាស់ខាងសេវាកម្ម ឧស្សហកម្មសេវាកម្ម បានស្ទុះងើបឡើងវិញ ពីរខែជាប់គ្នា ។ ការរីកធំធាត់ឡើង ដោយល្បឿនលឿន នៃការប្រើប្រាស់បែបថ្មី នឹងពង្រីកលំហកំណើន សេដ្ឋកិច្ចបន្ថែមទៀត ដែលមានអំណោយផល ដល់ការជំរុញ ឱ្យសេដ្ឋកិច្ចងើបឡើងវិញជាបន្តបន្ទាប់ទៀត ៕

To Top