ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា ការវាយប្រហារភេរវកម្ម នៅជាយក្រុងមូស្គូ គឺអាចជាប់ពាក់ព័ន្ធ ជាមួយអ៊ុយក្រែន

xinhua

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារភេរវកម្ម ដ៏សាហាវទៅលើCrocus City Hall គឺជាការប៉ុនប៉ងច្បាស់លាស់មួយដើម្បីបំភិតបំភ័យរុស្ស៊ី និងបម្រើផលប្រយោជន៍ របស់រដ្ឋាភិបាលអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មនុស្សជាង ១៣០ នាក់ត្រូវបានសម្លាប់នៅឯកន្លែង ប្រគុំតន្ត្រីនៅភាគពាយព្យ នៃទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលបុរសប្រដាប់អាវុធជាច្រើននាក់ បានចាប់ផ្តើមបាញ់ចូលទៅក្នុងហ្វូងមនុស្ស ហើយបានដុតបំផ្លាញសាលតន្រ្តីនោះថែមទៀត។ ថ្លែងជាមួយមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីក្នុងតំបន់កាលពីល្ងាចថ្ងៃចន្ទ លោក ពូទីន បានអះអាងថា អំពើឃោរឃៅនេះសមនឹងគំរូ នៃសកម្មភាពរបស់ក្រុងគៀវ ។

លោកពូទីនបាននិយាយថា “ភាពសាហាវឃោរឃៅនេះ ប្រហែលជាគ្រាន់ តែជាតំណភ្ជាប់មួយ នៅក្នុងការប៉ុនប៉ងទាំងមូល របស់អ្នកដែលបានប្រយុទ្ធនឹង ប្រទេសរបស់យើង ចាប់តាំងពីឆ្នាំ២០១៤ ដោយប្រើ neo-Nazi Kievregime ជាដៃរបស់ពួកគេ” ហើយពួកណាហ្ស៊ី ដូចដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ មិនដែលស្ទាក់ស្ទើរក្នុងការប្រើមធ្យោបាយកខ្វក់ និងអមនុស្សធម៌បំផុត ដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ”ឡើយ។

ក្រុមភេរវករដែលហៅខ្លួនឯងថា រដ្ឋអ៊ីស្លាម Khorasan (ISIS-K) បានអះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលកន្លែងប្រគុំតន្ត្រីនៅជាយក្រុងមូស្គូ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានទទូចភ្លាមៗថា អ៊ុយក្រែនមិនមានពាក់ព័ន្ធនឹង ការវាយប្រហារនេះទេ ហើយថា ISIS-K ដែលជាក្រុមស្រមោល ដែលត្រូវបានគេចោទប្រកាន់ថា ប្រតិបត្តិការនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន និងអាស៊ីកណ្តាល គឺជាពិរុទ្ធជនតែមួយគត់។

សេវាសន្តិសុខរុស្ស៊ី បានចាប់ខ្លួនជនសង្ស័យជាច្រើននាក់ រួមទាំងជនដៃ ដល់ចំនួន ៧ នាក់ ដែលត្រូវបានស្ទាក់ចាប់ នៅពេលពួកគេបើកឡាន ឆ្ពោះទៅព្រំដែនជាមួយអ៊ុយក្រែន ។ ពួកគេត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិភាគតិចតាហ្ស៊ីក។ ថ្លែងកាលពីល្ងាចថ្ងៃច័ន្ទ លោក ពូទីន បានពណ៌នាពួកគេថាជា “ពួកអ៊ីស្លាមជ្រុលនិយម” ។

លោក ពូទីន បាននិយាយថា សំណួរដែលត្រូវការចម្លើយគឺហេតុអ្វីបានជាពួកភេរវករធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីបានធ្វើការវាយប្រហារ។ “អ្នកណាខ្លះកំពុងរង់ចាំពួកគេនៅទីនោះ? វាច្បាស់ណាស់ថា អ្នកដែលគាំទ្ររបបទីក្រុងគៀវ មិនចង់ធ្វើជាអ្នកសមគំនិត និងជាអ្នកឧបត្ថម្ភភេរវកម្មទេ។ ប៉ុន្តែសំណួរជាច្រើននៅតែមាន»។
ប្រែសម្រួលៈ ណៃ តុលា

To Top