ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ព្រមានកម្ទេចយន្តហោះចម្បាំង F-16 ប្រសិនបើយន្តហោះចម្បាំង ដែលផលិតដោយអាមេរិកនេះ ទៅដល់អ៊ុយក្រែន

RT News

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃពុធថា ប្រសិនបើយន្តហោះចម្បាំង ដែលផលិតដោយសហរដ្ឋអាមេរិក ទៅដល់អ៊ុយក្រែន រុស្ស៊ីនឹង កម្ទេចវាចោល ដូចដែលរុស្ស៊ីបានបំផ្លាញ គ្រឿងបរិក្ខារ លោកខាងលិចផ្សេងទៀត មកទល់ពេលនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកអង្គការណាតូជាច្រើន បានសន្យាថា នឹងបរិច្ចាគយន្តហោះចម្បាំង F-16 របស់ពួកគេទៅកាន់ទីក្រុងគៀវ និងបានបណ្តុះបណ្តាលអ្នក បើកយន្តហោះអ៊ុយក្រែនឱ្យហោះហើរពួកគេ ប៉ុន្តែនៅពេលនេះមិនទាន់ មានការចែកចាយនៅឡើយទេ។ រុស្ស៊ីបានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ការដាក់យន្តហោះដែលមាន សមត្ថភាពនុយក្លេអ៊ែរនេះ គឺនឹងក្លាយជាការកើនឡើង មិនអាចទទួលយកបាននៃជម្លោះអ៊ុយក្រែន។

លោកប្រធានាធិបតីបាននិយាយថា ” ប្រសិនបើពួកគេផ្តល់យន្តហោះ F-16 ខ្ញុំគិតថាអ្នកដឹងច្បាស់ ជាងអ្នកផ្សេងទៀតថាវានឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិទេ «ហើយយើងនឹងកម្ទេចយន្តហោះទាំងនេះ ដូចដែលយើងបានបំផ្លាញរថក្រោះ រថពាសដែក និងឧបករណ៍ផ្សេងទៀត រួមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើន»។

ការអត្ថាធិប្បាយនេះបានកើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់មូលដ្ឋានទ័ពអាកាស Torzhok ក្នុងតំបន់ Tver ដែលជាមូលដ្ឋានមជ្ឈមណ្ឌលហ្វឹកហ្វឺនទី៣៤៤ សម្រាប់អ្នកបើកយន្តហោះចម្បាំងរុស្ស៊ី រួមទាំងបុគ្គលិកដែលត្រូវបានបណ្តុះបណ្តាលដើម្បីចូលរួមក្នុងជម្លោះអ៊ុយក្រែនផងដែរ។

លោកពូទីនបានបន្ថែមថា ក្នុងករណី យន្តហោះចម្បាំង F-16 ដែលហោះហើរ ដោយអាកាស យានិកអ៊ុយក្រែនបញ្ចប់ ទៅមូលដ្ឋាននៅប្រទេសទីបី ពួកគេនឹងក្លាយទៅជាគោលដៅ ស្របច្បាប់សម្រាប់ អាកាសចរណ៍រុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា

To Top