ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក-ជប៉ុន ប្តេជ្ញាប្រើប្រាស់លំហអាកាសដោយសន្តិវិធី នៅកិច្ចប្រជុំកំពូលខែមេសា

RT News

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងប្តេជ្ញាលើកកម្ពស់ការប្រើប្រាស់លំហអាកាសដោយសន្តិវិធីនៅខែក្រោយ នៅទីក្រុងវ៉ាស៊ីនតោន។

ការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងពីរ នឹងមានគោលបំណងទប់ស្កាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកផ្សេងទៀតនៅក្នុងលំហអាកាស។ វាកើតឡើងបន្ទាប់ពីសេតវិមានបានលាតត្រដាងកាលពីខែមុនថា រុស្ស៊ីកំពុងអភិវឌ្ឍសមត្ថភាពប្រឆាំងផ្កាយរណប។

ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃពុធថា ការសន្យារបស់មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវចេញរួមជាមួយនឹងកិច្ចប្រជុំកំពូលនៅថ្ងៃទី១០ ខែមេសា។

ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បាននឹងកំពុងធ្វើការកាន់តែខ្លាំង ដើម្បីពង្រឹងសមត្ថភាពរារាំង និងការឆ្លើយតបនៃសម្ព័ន្ធភាព ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ពួកគេ ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខ ដូចជាទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរបស់រុស្ស៊ីជាមួយចិន និងកូរ៉េខាងជើង។

កាលពីខែមករាឆ្នាំមុន ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាពង្រីកវិសាលភាពនៃកាតព្វកិច្ចការពារជាតិរបស់សហរដ្ឋអាមេរិកចំពោះប្រទេសជប៉ុន ក្រោមមាត្រា ៥ នៃកតិកាសញ្ញាសន្តិសុខរបស់ពួកគេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top