ព័ត៌មានអន្តរជាតិ

Update: រញ្ជួយដីដ៏ខ្លាំងក្លា មិនធ្លាប់មានរយៈពេល ២៥ឆ្នាំនៅកោះតៃវ៉ាន់ បណ្តាលឱ្យមនុស្ស ស្លាប់៤នាក់ និងរបួសជាង៧០០នាក់

Kyodo

បរទេស៖ ការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារ នៅឆ្នេរសមុទ្រភាគខាងកើត នៃកោះតៃវ៉ាន់ នៅថ្ងៃពុធ ដោយបានបណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ និងរបួសជាង ៧០០ នាក់ ខណៈដែលរលកយក្សស៊ូណាមិ បានវាយប្រហារកោះក្បែរនោះ នៅភាគនិរតីរបស់ប្រទេសជប៉ុន។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់ និងរបាយការណ៍បាននិយាយថា គ្រោះរញ្ជួយដីដ៏ធំបំផុត របស់កោះតៃវ៉ាន់ ចាប់តាំងពីការរញ្ជួយដីកាលពីឆ្នាំ ១៩៩៩ គឺបានបង្កឱ្យមានការរអិលបាក់ដីនៅក្នុងតំបន់ Hualien County និងបានធ្វើឱ្យមនុស្សមួយ ចំនួនជាប់ក្នុងអគារបាក់រលំ។

អាជ្ញាធរឧតុនិយមរបស់កោះនេះ បានដាក់កម្រិតនៃការរញ្ជួយដីនៅកម្រិត ៧.២រិចទ័រ ខណៈពេលដែលទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា រញ្ជួយដីបានចុះបញ្ជីកម្រិត ៧,៧រិចទ័រ។

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្កើត ការិយាល័យឆ្លើយតបបន្ទាន់មួយ ហើយបាននិយាយថា យោធានឹងត្រូវបានបញ្ជូន ទៅកាន់តំបន់រងគ្រោះដោយរញ្ជួយដី សម្រាប់ប្រតិបត្តិការសង្គ្រោះ។

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុនបាននិយាយថា រលកយក្សស៊ូណាមិខ្នាតតូច ដែលមានកម្ពស់រហូតដល់ ៣០ សង់ទីម៉ែត្របានទៅដល់កោះ Yonaguni, Ishigaki និង Miyako ក្នុងខេត្ត Okinawa ។ ការណែនាំអំពីរលកយក្សស៊ូណាមិ សម្រាប់ខេត្តភាគខាងត្បូងត្រូវបានគេដកចេញ ក្រោយមក៕
ប្រែសម្រួលៈ ណៃ តុលា

To Top