ព័ត៌មានអន្តរជាតិ

អាមេរិក ទាមទារឱ្យមានការស៊ើបអង្កេត ដោយអ៊ីស្រាអែល លើការវាយប្រហារយ៉ាងធ្ងន់ធ្ងរ លើបុគ្គលិកផ្តល់ជំនួយ នៅតំបន់ហ្គាហ្សា

Xinhua

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទាមទារឱ្យអ៊ីស្រាអែល បើកការស៊ើបអង្កេតលើការវាយប្រហារ ដោយយោធារបស់ខ្លួន ដែលបានសម្លាប់សមាជិក ៧នាក់ នៃក្រុមសប្បុរសធម៌ ដែលកំពុងចែកចាយអាហារ ទៅកាន់តំបន់ហ្គាហ្សា។

លោក Blinken បានលើកឡើងថា “យើងបានឲ្យដឹងដោយផ្ទាល់ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល អំពីឧប្បត្តិហេតុពិសេសនេះ។ យើងបានជំរុញឱ្យមានការ ស៊ើបអង្កេតឱ្យបានឆាប់រហ័ស ហ្មត់ចត់ និងមិនលំអៀង ដើម្បីយល់ពីអ្វីដែលបានកើតឡើង”។

លោកបន្ដថា “ហើយដូចដែលយើងមានពេញមួយជម្លោះនេះ យើងបានចាប់អារម្មណ៍លើជនជាតិអ៊ីស្រាអែល នូវភាពចាំបាច់ដាច់ខាតក្នុងការធ្វើបន្ថែមទៀត ដើម្បីការពារជីវិតជនស៊ីវិលស្លូតត្រង់ គឺកុមារ ស្ត្រី និងបុរសប៉ាឡេស្ទីន។

ក្បួនរថយន្តរបស់ World Central Kitchen (WCK) ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងវ៉ាស៊ីនតោន ដែលបានក្លាយជាប្រភពជំនួយស្បៀងអាហារ ដ៏សំខាន់ដល់តំបន់ហ្គាហ្សា ដែលហែកហួរដោយសង្រ្គាម ខណៈដែលកងទ័ពអ៊ីស្រាអែល បន្តការវាយលុកនោះ ត្រូវបានវាយប្រហារកាលពីថ្ងៃចន្ទ នៅក្នុងអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានទទួលស្គាល់ថាជា “ការវាយប្រហារដោយអចេតនា លើប្រជាជនស្លូតត្រង់នៅតំបន់ហ្គាហ្សា”។

នៅក្នុងវីដេអូដែលបង្ហោះនៅលើ X នាយករដ្ឋមន្ត្រីបានសន្យាថា រដ្ឋាភិបាលរបស់លោក “នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឱ្យ រឿងនេះកើតឡើងម្តងទៀត” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកដែលស្លាប់ក្នុងការវាយប្រហារ គឺមកពីប៉ាឡេស្ទីន អង់គ្លេស ប៉ូឡូញ អូស្ត្រាលី និងរួមទាំងជនជាតិអាមេរិក-កាណាដាផងដែរ យោងតាម ​​WCK ដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារបាននាំឱ្យអង្គការ “ផ្អាកប្រតិបត្តិការរបស់ យើងភ្លាមៗនៅក្នុងតំបន់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top