ព័ត៌មានអន្តរជាតិ

រុស្ស៊ី សម្រេចបានក្នុងការជ្រើសរើស ទ័ពថ្មីដល់ទៅ ១០ម៉ឺននាក់គិតត្រឹមឆ្នាំនេះ

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបានចុះបញ្ជី លំហូរអ្នកស្ម័គ្រចិត្តដែលមានបំណង ចុះឈ្មោះជាទាហានជាប់កិច្ចសន្យានៅឆ្នាំនេះ ដោយមានមនុស្សជាច្រើន បានបង្ហាញឆន្ទៈក្នុងការចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីមន្ត្រីរុស្ស៊ីបានណែនាំថា ទីក្រុងគៀវប្រហែលជានៅពី ក្រោយការវាយប្រហារភេរវកម្ម នៅសាលតន្ត្រី Crocus ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ក្រសួងបាននិយាយថា មនុស្សជាង១០ម៉ឺន នាក់បានចុះកិច្ចសន្យាចាប់តាំងពីដើមឆ្នាំ ២០២៤ ជាមួយនឹងចំនួនកើនឡើងទូទាំងប្រទេស។

ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា អ្នកស្ម័គ្រចិត្តរហូតដល់ ១៧០០នាក់ បានចុះឈ្មោះនៅមជ្ឈមណ្ឌលជ្រើសរើស បុគ្គលិកជារៀងរាល់ថ្ងៃ ហើយថាក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ពលរដ្ឋរុស្ស៊ីប្រហែល ១៦០០០នាក់បានចុះកិច្ចសន្យានេះ។

គួរឲ្យដឹងដែរថា សោកនាដកម្មសាលតន្ត្រី Crocus បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៤៤នាក់ រួមទាំងកុមារជាច្រើននាក់ និងជិត២០០នាក់បានរងរបួស ដែលធ្វើឱ្យវាក្លាយជា ការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅលើដីរុស្ស៊ី ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ដោយ បុរសប្រដាប់អាវុធមួយក្រុម ដែលអាជ្ញាធររុស្ស៊ីពណ៌នាថា ជាពួកអ៊ិស្លាមជ្រុលនិយម បានសម្រុកចូលកន្លែងនោះ ដោយបានបាញ់ប្រហារ ដោយមិនរើសមុខ មុនពេលដុតបំផ្លាញអគារ៕

ប្រែសម្រួល៖ ស៊ុន លី

To Top