ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន និងហ្វាំងឡង់ ចុះកិច្ចព្រមព្រៀងរួមគ្នាពង្រឹងសន្តិសុខ

AFP

គៀវ៖ លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងសមភាគីហ្វាំងឡង់ លោក Alexander Stubb បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ រវាងប្រទេសទាំង២។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានរយៈពេល១០ឆ្នាំ ដោយសន្យាហ្វាំងឡង់ ដើម្បីបន្តការគាំទ្រផ្នែកយោធា នយោបាយ និងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ ទីក្រុងគៀវស្របពេលមានជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។

ស្ថិតក្រោមកិច្ចព្រមព្រៀងនេះដែរ ប្រទេសហ្វាំងឡង់ នឹងជួយដល់អ៊ុយក្រែនក្នុងការស្តារឡើងវិញ នូវវិស័យថាមពលរបស់ខ្លួន ពង្រឹងការការពារព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្តល់ការព្យាបាលវេជ្ជសាស្រ្តដល់យោធា ។

គេបានដឹងថា កិច្ចព្រមព្រៀងនេះក៏បូករួមបញ្ចូលគ្នា ទាំងការរៀបចំលើការដាក់ទណ្ឌកម្ម និងសំណងសម្រាប់ការខូចខាត ដែលបង្កឡើងដោយជម្លោះផងដែរ ។

ក្រៅពីនេះ ប្រទេសហ្វាំងឡង់ និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខជាមួយប្រទេសចំនួន៧ រួមមាន អង់គ្លេស អាល្លឺម៉ង់ បារាំង ដាណឺម៉ាក កាណាដា អ៊ីតាលី និងហូឡង់ ។

គិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ប្រទេសអ៊ុយក្រែន បានទទួលជំនួយប្រហែល ២ពាន់លានអឺរ៉ូ គឺប្រហែល២,១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយពីប្រទេសហ្វាំងឡង់ រួមទាំងទឹកប្រាក់៤០០លានអឺរ៉ូ គឺប្រហែល ៤៣២លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top