ព័ត៌មានអន្តរជាតិ

សំណុំរឿងបោកប្រាស់លុយ ៤៤ពាន់លានដុល្លារនៅវៀតណាម រដ្ឋអាជ្ញាស្នើសុំបន្ថូរបន្ថយទោសដល់ប្តី និងក្មួយស្រីរបស់មេខ្លោង

VN Express

បរទេស៖ រដ្ឋអាជ្ញានៅក្នុងប្រទេសវៀតណាម បានស្នើឱ្យកាត់បន្ថយការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេលមួយ ឬពីរឆ្នាំសម្រាប់ជនជាប់ចោទ ២២នាក់ នៅក្នុងការកាត់ក្តីលើក្រុមហ៊ុន Van Thinh Phat ដែលកំពុងដំណើរការ រួមទាំងប្តី និងក្មួយស្រីរបស់លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនផងដែរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយទទួលស្គាល់នូវវិប្បដិសារី និងការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីសងការខូចខាតដែល កើតឡើងដោយធនាគារ Saigon Commercial Bank (SCB) អនុសាសន៍សុំបន្ធូរបន្ថយទោសនេះ ត្រូវបានធ្វើឡើងទៅកាន់តុលាការ ប្រជាជននៃទីក្រុងហូជីមិញកាលពីថ្ងៃពុធ។

រដ្ឋអាជ្ញាបានស្នើឱ្យដាក់ទោសជាប់ពន្ធនាគារពី ១០ ទៅ ១១ឆ្នាំ សម្រាប់ប្តីរបស់លោកស្រី Lan គឺលោក Eric Chu ដែលជាមហាសេដ្ឋីអចលនទ្រព្យហុងកុង ជំនួសឱ្យការជាប់ពន្ធនាគារពី ១១ឆ្នាំ ទៅ១២ ឆ្នាំ ដូចដែលពួកគេបានស្នើកាលពីមុន។

លោក Chu បានសារភាពចំពោះឧក្រិដ្ឋកម្មរបស់ខ្លួននៅតុលាការហើយគ្រាន់តែរំលោភច្បាប់ដោយសារតែគាត់ទុកចិត្តលើប្រពន្ធរបស់លោក។ ពួកគេបានបន្ថែមថា គាត់មិនដែលចូលរួមក្នុងការគ្រប់គ្រង SCB ទេ។

រដ្ឋអាជ្ញារបស់វៀតណាមបានស្នើឱ្យដាក់ពន្ធនាគារពី ១៧ឆ្នាំ ទៅ ១៨ឆ្នាំ ចំពោះក្មួយស្រីរបស់លោកស្រី Lan គឺលោកស្រី Truong Hue Van នាយកប្រតិបត្តិនៃក្រុមហ៊ុន Van Thinh Phat ដោយទម្លាក់ពីអនុសាសន៍ពីមុន ដែលនឹងដាក់ពន្ធនាគារពី ១៩ឆ្នាំ ទៅ ២០ឆ្នាំ។

លោកស្រី Truong Hue Van បានបង្ហាញវិប្បដិសារី ហើយបានត្រឹមតែធ្វើតាមបញ្ជារបស់លោកស្រី Lan ដោយសារតែការទុកចិត្ត។ លើសពីនេះ លោកស្រីបានទទួលការសរសើរពី រដ្ឋាភិបាលចំពោះការជួយសហគមន៍ ក្នុងជំងឺរាតត្បាត Covid-19 ហើយបានជំរុញឱ្យគ្រួសាររបស់នាង ផ្តល់សំណងសម្រាប់ការខាតបង់ ដែលបានកើតឡើង។

លោក Nguyen Cao Tri ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Capella ដែលត្រូវបានចោទប្រកាន់ថា បានយកប្រាក់ចំនួន ១ពាន់ពាន់លានដុងពីលោកស្រី Lan គឺត្រូវបានផ្តល់អនុសាសន៍ឱ្យ ដាក់ទោសស្រាលជាងមុនពី ៩ឆ្នាំ ទៅ ១០ ឆ្នាំជំនួសឱ្យការស្នើឱ្យដាក់ពន្ធនាគារលើកមុន ពី១០ឆ្នាំ ទៅ១១ ឆ្នាំ។

រដ្ឋអាជ្ញាបាននិយាយថា លោក Tri បានដាក់ប្រាក់សំណងចំនួន ៧៦១ ពាន់លានដុង ហើយក្រុមគ្រួសាររបស់លោក បានរួមចំណែកជាច្រើនដល់សង្គម។

សូមជម្រាបថា នៅឯការកាត់ក្តីដែលកំពុងបន្ត រដ្ឋអាជ្ញាវៀតណាម គឺបានផ្តល់អនុសាសន៍ឱ្យ កាត់ទោសប្រហារជីវិតលោកស្រី Truong My Lan ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងរយៈពេលយូរ និងបណ្តាលឱ្យមានផលវិបាក ដែលមិនអាចដកហូតវិញបាន។

ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ លោកស្រី Lan និងអ្នកសមគំនិត បានទទួលប្រាក់កម្ចីចំនួន ២.៥០០ ដែលមានតម្លៃជាង ៤៤ពាន់លានដុល្លារ ដែលស្មើនឹង ៩៣ភាគរយ នៃផលប័ត្រប្រាក់កម្ចីរបស់ ធនាគារក្នុងអំឡុងពេលនោះ។

លោកស្រី Truong My Lan ត្រូវបានចោទប្រកាន់ថាបានធ្វើឱ្យបាត់ប្រាក់ ចំនួន ៤៩៨ ពាន់ពាន់លានដុង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top