វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វមីអូ គីស៊ីដា នឹងព្រមព្រៀងគ្នានៅសប្តាហ៍ក្រោយ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់រួមគ្នាអភិវឌ្ឍឧបករណ៍ការពារេជាតិសំខាន់ៗ ខណៈដែលសម្ព័ន្ធភាពជាច្រើនទសវត្សរ៍រវាងសហរដ្ឋអាមេរិក និងជប៉ុន គួរតែឈានចូលដំណាក់កាលថ្មី សម្រាប់ស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នេះបើតាមការបញ្ជាក់របស់អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។
ថ្លែងនៅក្នុងពេលនៃការបង្កើនបញ្ហាប្រឈមផ្នែកសន្តិសុខពីបណ្តាប្រទេសដូចជាចិន និងកូរ៉េខាងជើង លោក Kurt Campbell អនុរដ្ឋលេខាធិការបានឲ្យដឹងថា រដ្ឋបាលលោក បៃដិន កំពុងព្យាយាម “ជម្រះផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែច្រើន” រវាងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរួមទាំងទីក្រុងតូក្យូផងដែរ។
លោកបន្ដថា “រឿងមួយដែលខ្ញុំគិតថាអ្នកនឹងឃើញនៅសប្តាហ៍ក្រោយ គឺជាជំហានជាលើកដំបូង ដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក និងជប៉ុន ធ្វើការសហការគ្នាបន្ថែមទៀតលើការអភិវឌ្ឍន៍រួមគ្នា និងសក្តានុពលនៃសហផលិតឧបករណ៍យោធា និងការពារជាតិដ៏សំខាន់” ។
លោក Campbell ដែលជាស្ថាបត្យករដ៏សំខាន់នៃវិធីសាស្រ្តរបស់រដ្ឋបាលទៅកាន់អាស៊ី បានបដិសេធមិនផ្តល់លទ្ធផល ដែលបានគ្រោងទុកជាក់លាក់នៃកិច្ចប្រជុំនោះទេ ប៉ុន្តែលោកបានណែនាំកាលពីខែមុនថា លោក បៃដិន និងលោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងបង្ហាញពីចេតនារបស់ពួកគេក្នុងការចាប់ផ្តើមធ្វើការលើរចនាសម្ព័ន្ធបញ្ជា និងការគ្រប់គ្រងថ្មី សម្រាប់សម្ព័ន្ធភាព។
ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងអន្តរប្រតិបត្តិការរវាងកងកម្លាំងអាមេរិក និងជប៉ុន មន្ត្រីនៃប្រទេសទាំងពីរក៏បានស្នើថា លោក បៃដិន និងលោក គីស៊ីដា នឹងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា
