ព័ត៌មានអន្តរជាតិ

ថៃ និងវៀតណាម កំពុងប្រជែងគ្នា នាំចូលផ្លែទុរេនរាប់សិបតោន ទៅកាន់ទីផ្សារប្រទេសចិន

VN Express

បរទេស៖ ប្រទេសវៀតណាម បានវ៉ាដាច់ប្រទេសថៃ ដែលជាប្រទេសនាំចេញទុរេនកំពូលទៅកាន់ប្រទេសចិន ដោយបានដឹកជញ្ជូន ៣២,៧៥០ តោនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤។ ចំនួននេះស្មើនឹង ៥៧ភាគរយ នៃការនាំចូលរបស់ប្រទេសចិន ដោយវាបានកើនឡើងពី ៣២ភាគរយ កាលពីឆ្នាំមុន, នេះបើយោងតាមគយវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការនាំចេញផ្លែឈើ របស់វៀតណាមទៅកាន់ប្រទេសចិន បានកើនឡើង ២,៤ ដង បើធៀបនឹងឆ្នាំមុន។

ចំណែកប្រទេសថៃ បានឃើញការនាំចេញ របស់ខ្លួនបានធ្លាក់ ចុះពាក់កណ្តាលមកនៅត្រឹម ១៩,០០០ តោន។

ក្នុងតម្លៃ ៤ ៩១៦ ដុល្លារអាមេរិកក្នុងមួយកុងតឺន័រ តម្លៃនាំចេញរបស់វៀតណាមគឺទាបជាងប្រទេសថៃជិត ២០ ភាគរយ។

លោក ដាង ភុកង្វៀន អគ្គលេខាធិកា សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបាននិយាយថា អាកាសធាតុរបស់វៀតណាម អនុញ្ញាត អោយផ្លែទុរេនអាចដាំដុះបានពេញមួយឆ្នាំ ។ វាចែករំលែកព្រំដែនជាមួយប្រទេសចិន ដែលផ្តល់ឱ្យវានូវអត្ថប្រយោជន៍ក្នុងការដឹកជញ្ជូន។

កសិករវៀតណាម គឺបានតម្លើងថ្លៃធូរេន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតម្រូវការខ្ពស់ពីប្រទេសចិន។

ក្នុងខែមីនា តម្លៃនៃពូជម៉ាន់ថង ដែលមានគុណភាពខ្ពស់បំផុត នៅតំបន់ដីសណ្តមេគង្គបានកើនឡើង ១៥ភាគរយ ធៀបនឹងឆ្នាំមុនរហូតដល់ ៨,៧ ទៅ ៩,២ ដុល្លារ ក្នុងមួយគីឡូក្រាម។

ការនាំចេញទុរេនរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣,៥ ពាន់លានដុល្លារនៅឆ្នាំនេះ កើនឡើង ៦៦ ភាគរយធៀបនឹងឆ្នាំមុន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top