ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិចស៊ិក លោក Andres Manuel Lopez Obrador បានចោទប្រកាន់រដ្ឋាភិបាល នៃសហរដ្ឋអាមេរិក និងកាណាដា ពីបទប្រកាន់ជំហរមិនច្បាស់លាស់ លើការវាយឆ្មក់របស់ អេក្វាឌ័រ នាពេលថ្មីៗនេះ ទៅលើស្ថានទូតម៉ិកស៊ិក នៅទីក្រុងគីតូ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ របស់គាត់ លោក Lopez Obrador បានឲ្យដឹងថា ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់ម៉ិកស៊ិក មិនបានថ្កោលទោសការរំលោភច្បាប់អន្តរជាតិរបស់អេក្វាឌ័រ ដូចប្រទេសដទៃទៀតនោះទេ។
លោកប្រធានាធិបតីបានលើកឡើងថា ប្រទេសម៉ិកស៊ិក នឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ប៉ូលិសអេក្វាឌ័របាន សម្រុក ចូលស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងគីតូ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីចាប់ខ្លួនអតីត អនុប្រធានាធិបតី អេក្វាឌ័រលោក Jorge Glas ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ ពីម៉ិកស៊ិកបានផ្តល់សិទ្ធិជ្រកកោន នយោបាយដល់រូបលោក។
បន្ទាប់ពីការវាយលុកលើ ស្ថានទូតម៉ិកស៊ិក លោក Lopez Obrador បានប្រកាស ពីការផ្អាកទំនាក់ទំនង ការទូតជាមួយអេក្វាឌ័រ ហើយបានបញ្ជាឱ្យបិទទ្វារ ការទូតក្នុងប្រទេសនេះ ដោយគ្មានកំណត់ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា