ព័ត៌មានអន្តរជាតិ

ឡាវ បោសសម្អាត ឧបករណ៍យុទ្ធភណ្ឌ ទាន់ផ្ទុះបានជាង ១,៩លានគ្រាប់

The Guardian

វៀងច័ន្ទ៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះថា ឧបករណ៍យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហៅកាត់ថា (UXO) ជាង១,៩លានគ្រាប់ ត្រូវបានបោសសម្អាតលើផ្ទៃដីចំនួន៨៧.៣២៣ហិកតា គិតចាប់ពីឆ្នាំ១៩៩៦ ដល់ខែមីនា ឆ្នាំ២០២៤នេះ ដោយទប់ស្កាត់ ដល់ប្រជាពលរដ្ឋពីការរងរបួស ឬស្លាប់ និងធ្វើឱ្យដីមានសុវត្ថិភាព សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ ផងដែរ ។

តួលេខនេះត្រូវបានប្រកាសក្នុងអំឡុង ពេលព្រឹត្តិការណ៍មួយដែលបានធ្វើឡើងកាលពីថ្ងៃចន្ទនៅក្នុងខេត្ត Luang Prabang ស្ថិតនៅភាគខាងជើងនៃប្រទេសឡាវ ដើម្បីប្រារព្ធទិវាអន្តរជាតិលើកទី១៩សម្រាប់ការយល់ដឹងអំពី UXO/Mine ទូរទស្សន៍ជាតិឡាវបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះ ។

ប្រហែល៥០ភាគរយនៃជនរងគ្រោះដោយសារគ្រាប់បែកមិនទាន់ផ្ទុះ គឺជាកុមារ ។ គិតចាប់តាំងពីដើមឆ្នាំ២០២៤នេះការបំផ្ទុះគ្រាប់បែកចំនួន១០ត្រូវបានបង្កឡើងដោយចៃដន្យ ដែលបណ្តាលឲ្យមនុស្សចំនួន២១នាក់បានរងរបួស ក្នុងនោះមានកុមារចំនួន១២នាក់ដែលមានអាយុពី៥ទៅ១៦ឆ្នាំ ។

គិតចាប់ពីឆ្នាំ២០១៥ ដល់ខែមីនា ឆ្នាំ២០២៤ ជំនួយត្រូវបានផ្តល់ជូន ដល់ជនរងគ្រោះចំនួន ២.៨៤៦នាក់នៃគ្រោះថ្នាក់ដែលទាក់ទងនឹង UXO ។

អាជ្ញាធរមូលដ្ឋាន និងថ្នាក់កណ្តាល ដោយមានការគាំទ្រពីអង្គការអន្តរជាតិ បានបង្កើតផែនការជាតិ ដែលមានឈ្មោះថា “មាគ៌ាទៅកាន់សន្តិសុខ III” ដើម្បីដោះយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនៅក្នុងប្រទេសឡាវ ។

គួរបញ្ជាក់ថា ឡាវ គឺជាប្រទេសដែលត្រូវបានគេ ទម្លាក់គ្រាប់បែកខ្លាំងជាងគេ បំផុតក្នុងពិភពលោក ។ ពេញមួយឆ្នាំ១៩៦៤-១៩៧៣ អាវុធជាង២លានតោនត្រូវបានទម្លាក់មកលើប្រទេសឡាវ ដែលក្នុងនោះចំនួន៣០ភាគរយមិនផ្ទុះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top