ព័ត៌មានអន្តរជាតិ

អ្នកឃ្លាំមើលពិភពលោកព្រមានថា ឆ្នាំ២០២៤ កំពុងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា

Afp

បរទេស៖ អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានព្រមាន ដោយអំពាវនាវឱ្យមានសកម្មភាពដើម្បីការពារជនងាយរងគ្រោះពីសីតុណ្ហភាពកើនឡើង។ អ្នកឃ្លាំមើលពិភពលោកបានព្រមានថា ឆ្នាំ ២០២៤ កំពុងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា ដែលត្រូវបានសម្គាល់ដោយអាកាសធាតុក្តៅខ្លាំង និងការកើនឡើងនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទិន្នន័យរបស់អង្គការយូនីសេហ្វ បានបង្ហាញថា កុមារជាង ២៤៣លាននាក់នៅទូទាំងប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា ត្រូវបានប៉ាន់ប្រមាណថា រងផលប៉ះពាល់ដោយរលកកំដៅ ដែលធ្វើឲ្យពួកគេប្រឈមនឹងជំងឺទាក់ទងនឹងកំដៅ និងការស្លាប់។

ប្រទេសជាច្រើននៅក្នុងតំបន់បច្ចុប្បន្នកំពុងឆាបឆេះក្នុងកំដៅរដូវក្តៅ ជាមួយនឹងសីតុណ្ហភាពជិតដល់កម្រិតកំណត់ត្រា ខណៈដែលបានឡើងកម្តៅជាប្រចាំលើសពី ៤០អង្សារសេ។

អ្នកព្យាករណ៍ក្នុងស្រុកកំពុងទស្សន៍ទាយការកើនឡើងយ៉ាងខ្លាំងនៅក្នុងសប្តាហ៍ខាងមុខនេះ។

សាលារៀនហ្វីលីពីនមួយចំនួនបានផ្អាកថ្នាក់រៀនផ្ទាល់នៅក្នុងខែមេសា ដោយអ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋបាននិយាយថា សីតុណ្ហភាពអាចឈានដល់កម្រិត “គ្រោះថ្នាក់” ដល់ 42 ឬ 43 អង្សាសេនៅក្នុងផ្នែកខ្លះនៃប្រទេស។

នៅប្រទេសថៃ សីតុណ្ហភាពកើនដល់ ៤៣,៥ អង្សារសេត្រូវបានកត់ត្រានៅក្នុងខេត្តភាគខាងជើង គឺខេត្ត Mae Hong Son កាលពីដើមសប្តាហ៍នេះ ។ យោងតាមក្រសួងសុខាភិបាលថៃបានឱ្យដឹងថា មនុស្សប្រហែល ៤០ នាក់បានស្លាប់ដោយសារជំងឺទាក់ទងនឹងកំដៅជារៀងរាល់ឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា

To Top