បរទេស៖ នៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃពុធ កងទ័ពអាកាសថៃ (RTAF) បានប្រកាសថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង ទៅហោះល្បាតដែនអាកាសខាងលើស្រុក Mae Sot របស់ខេត្ត Tak នៅតាមព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ដើម្បីតាមដានស្ថានការណ៍នៅក្នុងប្រទេសជិតខាងមួយនេះ។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា សកម្មភាពរបស់កងទ័ពអាកាសថៃ (RTAF) គឺដើម្បីឆ្លើយតបទៅនឹងការបញ្ជូនយន្តហោះចម្បាំង MiG-29 ផលិតដោយរុស្ស៊ីរបស់យោធាមីយ៉ាន់ម៉ា ទៅប្រយុទ្ធនឹងកងកម្លាំងឧទ្ទាម Karen ក្នុងសង្កាត់ Myawaddy ចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីច្រកព្រំដែន Mae Sot កាលពីព្រឹកថ្ងៃទី១០ ខែមេសា។
យន្តហោះ MiG-29 ត្រូវបានគេរាយការណ៍ថា បានធ្វើការវាយប្រហារតាមអាកាសលើកងកម្លាំង Karen ដែលការពារទីប្រជុំជនកាលពីថ្ងៃពុធ ជាមួយនឹងសំឡេងពីការផ្ទុះដែលអាចលឺពីភាគីថៃ។
RTAF បាននិយាយថា យន្តហោះ F-16s ដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាស Takhli ក្នុងខេត្ត Nakhon Sawan នឹងល្បាតតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីធានាសុវត្ថិភាពអ្នកស្រុក និងការពារអធិបតេយ្យភាពដែនអាកាសរបស់ប្រទេស។
RTAF បានបន្ថែមថា រហូតមកដល់ពេលនេះ មិនមានការរំលោភពីយន្តហោះ Mig-29 ណាមួយចូលទៅក្នុងលំហអាកាសថៃ ត្រូវបានគេរាយការណ៍នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា