ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី បដិសេធទៅលើការផ្សព្វផ្សាយថា ប្រទេសខ្លួនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអ៊ែល ជាថ្នូរនឹងសមាជិក ភាពនៅអង្គការ OECD

CNA

សិង្ហបុរី៖ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលស្នើថា ប្រទេសនេះនឹងធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតាជាមួយអ៊ីស្រាអ៊ែល ជាថ្នូរនឹងសមាជិកភាពនៅអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ (OECD)។


លោក Lalu Muhamad Iqbalអ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Antara កាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានគម្រោងបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអ៊ែលទេ ជាពិសេសគឺសកម្មភាពរបស់អ៊ីស្រាអ៊ែលនៅក្នុងតំបន់ហ្គាហ្សា” ។

លោក Iqbal បានរំលឹកឡើងវិញនូវការគាំទ្រឥតងាករេរបស់ឥណ្ឌូនេស៊ី ចំពោះឯករាជ្យភាពប៉ាឡេស្ទីន នៅក្នុងក្របខ័ណ្ឌនៃដំណោះស្រាយរដ្ឋ២ ដោយបានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ី នៅតែប្រកាន់ខ្ជាប់ក្នុងការការពារសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ។

ប្រទេសឥណ្ឌូណេស៊ី កំពុងដេញថ្លៃដើម្បីចូលរួមជាមួយអង្គការ OECD ដែលជាអង្គការអន្តរ រដ្ឋាភិបាលដែលបច្ចុប្បន្នមានសមាជិកចំនួន៣៨ដែលភាគច្រើនជាប្រទេសអភិវឌ្ឍន៍ ។ ការទទួលយកប្រទេសថ្មីចូលក្នុងជាសមាជិកអង្គការតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិក ដែលរួមមានអ៊ីស្រាអ៊ែល ។

ឥណ្ឌូណេស៊ី មានបំណងក្លាយជាប្រទេសសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៤៥ ហើយបានចាប់ផ្តើមដំណើរការចូលជាសមាជិករបស់អង្គការ OECD នៅក្នុងខែកុម្ភៈ ដែលជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលធ្វើដូច្នេះ ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top