បរទេស៖ អគ្គនាយក IAEA គឺលោក Rafael Grossi បានប្រាប់អ្នកសារព័ត៌មានថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មិនមានភស្តុតាង ដែលថា អ៊ីរ៉ង់មានកម្មវិធីអាវុធនុយក្លេអ៊ែរ សកម្មនោះទេ ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់របស់បេសកជន អង្គការសហប្រជាជាតិ របស់អ៊ីស្រាអែល លោក Gilad Erdan ដែលបានអះអាង កាលពីថ្ងៃអាទិត្យថា ទីក្រុងតេហេរ៉ង់ អាចទទួលបានអាវុធ នុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Grossi បាននិយាយថា លោកមិនទទួលខុសត្រូវ ចំពោះសេចក្តីថ្លែងការណ៍ របស់រដ្ឋសមាជិក IAEA នោះទេ ប៉ុន្តែថាទីភ្នាក់ងារខ្លួនឯងចាត់ទុកការអះអាង របស់អ៊ីស្រាអែលថា មិនមានហេតុផលច្បាស់លាស់ ។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា “ចំពោះទីភ្នាក់ងារដែលកំពុងត្រួតពិនិត្យនៅទីនោះមានការព្រួយបារម្ភ យើងមិនមានព័ត៌មាន ឬការចង្អុលបង្ហាញណាមួយថា មានកម្មវិធីអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ”។ លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ បន្ទាប់ពីបានធ្វើបទសម្ភាសន៍ ជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅញូយ៉ក។
កាលពីថ្ងៃអាទិត្យ កន្លងទៅ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Erdan បានរិះគន់នៅទីក្រុង តេហេរ៉ង់ ក្នុងសម័យប្រជុំ UNSC ដែលឧទ្ទិស ដល់ការពិភាក្សា អំពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ និងការវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល។ ទីក្រុងតេហេរ៉ង់បានបើកការរារាំង នៅចុងសប្តាហ៍ក្នុងការសងសឹកចំពោះការវាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ១ ខែមេសា ដែលខ្លួនបានស្តីបន្ទោសលើអ៊ីស្រាអែល៕
ប្រែសម្រួលៈ ណៃ តុលា