ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលយោធា របស់មីយ៉ាន់ម៉ា ផ្លាស់លោកស្រី Aung San Suu Kyi ពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះ ដោយសារតែអាកាស ធាតុក្តៅ

Xinhua

បរទេស៖ រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា បាននិយាយថា អតីតមេដឹកនាំដែលជាប់ពន្ធនាគាររបស់មីយ៉ាន់ម៉ា គឺលោកស្រី Aung San Suu Kyi ត្រូវបានផ្លាស់ពីពន្ធនាគារ ទៅការឃុំខ្លួនក្នុងផ្ទះ ជាវិធានការសុខភាព ដោយសាររលកកម្ដៅ។ កាលពីថ្ងៃពុធ រដ្ឋាភិបាលយោធា ក៏បានផ្តល់ការលើកលែងទោស ដល់អ្នកទោសជាង ៣០០០ នាក់ ដើម្បីប្រារព្ធពិធីបុណ្យ ចូលឆ្នាំប្រពៃណីក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Aung San Suu Kyi អាយុ ៧៨ ឆ្នាំ និងលោក Win Myint អាយុ ៧២ ឆ្នាំ អតីតប្រធានាធិបតីនៃរដ្ឋាភិបាល ដែលត្រូវបានទម្លាក់ ចេញពីតំណែង ស្ថិតក្នុងចំណោមអ្នកទោស ចាស់ជរា និង អ្នកទោសទន់ខ្សោយកម្លាំង ដែលបានផ្លាស់ប្តូរចេញ ពីពន្ធនាគារដោយសារតែកំដៅខ្លាំង។ នេះបើតាមអ្នកនាំពាក្យយោធា លោកឧត្តមសេនីយ៍ Zaw Min Tun បានប្រាប់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយបរទេស កាលពីល្ងាចថ្ងៃអង្គារ។ ទង្វើនេះមិនទាន់ត្រូវ បានប្រកាសជា សាធារណៈនៅមីយ៉ាន់ម៉ានៅឡើយទេ។

ការផ្ទេររបស់លោកស្រី Aung San Suu Kyi ធ្វើឡើងស្របពេល ដែលកងទ័ពបាននិងកំពុងរងបរាជ័យ ជាច្រើននៅក្នុងការប្រយុទ្ធ របស់ខ្លួនប្រឆាំង នឹងអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសម្ព័ន្ធមិត្តរបស់ពួកគេ នៅក្នុងកងកម្លាំងទ័ពព្រៃ ជនជាតិភាគតិច ។ ជម្លោះទូទាំងប្រទេសបានចាប់ផ្តើម បន្ទាប់ពីកងទ័ពបានទម្លាក់រដ្ឋាភិបាល ជាប់ឆ្នោតក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដោយបានចាប់ លោកស្រី Aung San Suu Kyi ដាក់ពន្ធនាគារ និងបានចាប់ផ្តើមបង្ក្រាបលើការតវ៉ា ដោយអហិង្សាដែលស្វែងរកការវិល ត្រឡប់ទៅកាន់ការគ្រប់គ្រង លទ្ធិប្រជាធិបតេយ្យវិញ។

លោកស្រី Aung San Suu Kyi បាននឹងកំពុង ជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ លើការកាត់ទោសឧក្រិដ្ឋកម្ម ផ្សេងៗគ្នានៅក្នុងគុកដែលសាងសង់ជាពិ សេសនៅក្នុងរដ្ឋធានី Naypyitaw ជាកន្លែងដែលនាយកដ្ឋានឧតុនិយម របស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា សីតុណ្ហភាពឡើងដល់ ៣៩ អង្សាសេ កាលពីរសៀលថ្ងៃអង្គារ៕
ប្រែសម្រួលៈ ណៃ តុលា

To Top