តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោក និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃពុធ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីរួមគ្នាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
លោក គីស៊ីដា ក៏បានឲ្យដឹងផងដែរថា លោកបានបញ្ជាក់ជាមួយលោក Yoon លើការទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ រួមទាំងនៅកម្រិតមេដឹកនាំផងដែរ នៅក្នុងការអំពាវនាវបែបនេះជាលើកដំបូង បន្ទាប់ពីគណបក្សកាន់អំណាចរបស់មេដឹកនាំកូរ៉េខាងត្បូង បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១០ ខែមេសា។
លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូបន្ទាប់ពីកិច្ចពិភាក្សាថា “យើងបានយល់ព្រមបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាក្នុងចំណោមប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក”។
យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ភាគីជប៉ុនបានស្នើសុំការហៅទូរសព្ទនេះ ដើម្បីឲ្យទីក្រុងសេអ៊ូល សង្ខេបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក គីស៊ីដា ទៅកាន់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលជាលើកទីមួយរបស់មេដឹកនាំជប៉ុន ក្នុងរយៈពេល ៩ឆ្នាំ។
លោក គីស៊ីដា និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១០ ខែមេសា ហើយបានអះអាងសារជាថ្មីអំពីកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង ក្នុងវិស័យរួមទាំងបញ្ហាសន្តិសុខ ចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕ប្រែសម្រួល ឈូក បូរ៉ា