ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាម ហេសស្បូឡា បាញ់ផ្លោងចូលទឹកដី អ៊ីស្រាអែល បណ្តាលឱ្យមនុស្ស ជាច្រើននាក់របួស

Afp

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធ ហេសស្បូឡា បានបាញ់ផ្លោងចេញពីប្រទេសលីបង់ សំដៅលើទឹកដីអ៊ីស្រាអែល ដោយបានធ្វើឱ្យមនុស្ស ១៨ នាក់រងរបួស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងពីការវាយប្រហារនេះ ដោយនិយាយថា ខ្លួនបានសងសឹក និងវាយប្រហារគោលដៅនៅក្នុងប្រទេសជិតខាងគឺលីបង់។

ក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីតបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ទៅលើអ្នកជិតខាងភាគខាងត្បូងរបស់ខ្លួនចាប់តាំងពីជម្លោះយោធារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុន។ ក្រុមហេសស្បូឡាបានបាញ់បង្ហោះកាំជ្រួចមីស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលអ៊ីរ៉ង់កំពុងធ្វើការវាយប្រហារតាមអាកាសដ៏ធំរបស់ខ្លួនទៅលើប្រទេសអ៊ីស្រាអែល ដែរ។

ទីភ្នាក់ងារសារព័ត៌មាន France-Presse ប៉ាន់ប្រមាណថា យ៉ាងហោចណាស់មនុស្ស ៣៦៣ នាក់នៅក្នុងប្រទេសលីបង់ត្រូវបានសម្លាប់ដោយសារអរិភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងជនស៊ីវិលយ៉ាងតិច ៧០ នាក់ផងដែរ។

កាលពីថ្ងៃពុធ កាសែត The Times of Israel បានដកស្រង់សេចក្តីថ្លែងការណ៍ពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Galilee ថាខ្លួនបានទទួលស្គាល់មនុស្ស ១៨ នាក់បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើ Arab al-Aramshe ដែលជាភូមិ Bedouin ភាគច្រើនលើសលុប។ ជនរងគ្រោះម្នាក់ត្រូវបានគេប្រាប់ថា មានសភាពធ្ងន់ធ្ងរ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ៕ប្រែសម្រួលៈ ណៃ តុលា

To Top