ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា កើនឡើងដល់ ៣៤,៣៥៦នាក់

Xinhua

ហ្គាហ្សា៖ ក្រសួងសុខាភិបាល នៃក្រុមហាម៉ាស់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែល បានកើនឡើងដល់ ៣៤,៣៥៦នាក់ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៥១នាក់ និងរបួស ៧៥នាក់ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៤,៣៥៦នាក់ និងរបួសដល់ ៧៧,៣៦៨នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍បានលើកឡើងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ដោយកងទ័ពអ៊ីស្រាអែល បានរារាំងរថយន្តសង្គ្រោះបន្ទាន់ និងក្រុមអ្នកការពារស៊ីវិលមិនឱ្យទៅដល់ពួកគេ។

ទន្ទឹមនឹងនោះ មន្ត្រីអ៊ីស្រាអែល បានសម្តែងការព្រួយបារម្ភថា ប្រតិបត្តិការជើងគោក ដ៏មានសក្តានុពលនៅទីក្រុងរ៉ាហ្វា នៃតំបន់ហ្គាហ្សា អាចនាំឱ្យមានចំណាត់ការផ្លូវច្បាប់ អន្តរជាតិប្រឆាំងនឹងអ៊ីស្រាអែល។

វិទ្យុ Kan សាធារណៈ របស់អ៊ីស្រាអែល បានរាយការណ៍ថា អ៊ីស្រាអែលកំពុងរៀបចំ សម្រាប់ការគំរាមកំហែង មួយផ្សេងទៀតពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅទីក្រុងឡាអេ ដោយមានការភ័យខ្លាចថា នឹងចេញដីកាចាប់ខ្លួនប្រឆាំង នឹងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុម័តផែនការ សម្រាប់ប្រតិបត្តិការ ជើងគោក នៅទីក្រុងរ៉ាហ្វា ប៉ុន្តែមិនទាន់អនុញ្ញាតឱ្យកងទ័ពផ្លាស់ទីនៅឡើយទេ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top