ព័ត៌មានអន្តរជាតិ

ជប៉ុន និង​បារាំង យល់ព្រម​ចាប់ផ្តើម​ការ ចរចា​លើ​កិច្ចព្រមព្រៀង ​សន្តិសុខ​ថ្មី​

តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សា ជាមួយប្រទេសបារាំង លើកិច្ចព្រមព្រៀង សន្តិសុខថ្មីមួយ ដើម្បីជួយសម្រួល ដល់សមយុទ្ធរួម និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ។

យោងតាមប្រភពបានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើ កតិកាសញ្ញានេះ ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមក ក្នុងអំឡុងពេលកិច្ចប្រជុំជា មួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រទេសជប៉ុន បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខជាមួយបណ្តាប្រទេស ដែលមានគំនិតដូចគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាក់ស្តែងដើម្បីបង្កើនការរារាំងប្រឆាំងនឹងការអះអាងយោធា ដែលកំពុងកើនឡើងរបស់ចិននៅក្នុងដែនទឹកក្បែរនោះ។

ប្រទេសបារាំង មានផលប្រយោជន៍ជាយុទ្ធសាស្ត្រនៅក្នុងតំបន់ ដោយសារប្រទេសនេះ មានទឹកដីនៅក្រៅប្រទេសក្នុងតំបន់ ដូចជា New Caledonia នៅប៉ាស៊ីហ្វិកខាងត្បូង ខណៈទីក្រុងតូក្យូ មានជម្លោះជាមួយទីក្រុងប៉េកាំង ជុំវិញប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន ដែលទាមទារដោយអ្នកជិត ខាងរបស់ខ្លួន នៅសមុទ្រចិនខាងកើត។

រដ្ឋាភិបាលជប៉ុន បានទៅដល់ RAAs ជាមួយអូស្ត្រាលី និង អង់គ្លេសរួចហើយ ដោយជួយ សម្រួលដល់ ការដាក់ពង្រាយ ទ័ពកាន់តែរលូន និង រហ័សរវាងប្រទេសទាំងនេះ។ លើសពីនេះ ជប៉ុន​បាន​ផ្តួចផ្តើម​ការចរចា​ជាមួយ​ហ្វីលីពីន សម្រាប់​កិច្ចព្រមព្រៀង​បែបនេះ​៕
ប្រែសម្រួល ឈូក បូរ៉ា

To Top