ហ្សាការតា៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅសៅរ៍នេះថា មនុស្សយ៉ាងហោចណាស់ចំនួន១៥នាក់បានស្លាប់ ក្រោយពីមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលបានវាយប្រហារមកលើខេត្ត Sulawesi ភាគខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី។
លោក Abdul Muhari អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ ដែលត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើតឡើងចាប់តាំងពីថ្ងៃសុក្រ នៅក្នុងខេត្ត Luwu ។
អ្នកនាំពាក្យដដែលនេះបានបញ្ជាក់ថា ជាលទ្ធផល ផ្ទះ និងព្រះវិហារឥស្លាមជាង១.៨០០ខ្នងត្រូវបានលិចដោយទឹករហូតដល់ជម្រៅ៣ម៉ែត្រ ហើយផ្ទះសរុបចំនួន១០៣ខ្នងត្រូវបានបំផ្លាញ។
អ្នកនាំពាក្យខាងលើបានបន្តថា លើសពីលើនេះ ផ្ទះចំនួន៤២ខ្នងទៀតត្រូវបានទឹកជន់លិច ។
លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រៅពីនេះ មានមនុស្សចំនួន១១៥នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយទៅជ្រកកោននៅក្នុងផ្ទះសាច់ញាតិរបស់ពួកគេ ឬព្រះវិហារឥស្លាមដែលមានទីតាំងមានសុវត្ថិភាព ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា