ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រកាស​វិធានការ​ ប្រឆាំង​នឹង​តួកគី ​បន្ទាប់​ពី​ការ​ផ្អាក ​ពាណិជ្ជកម្មទ្វេភាគី

China daily

យេរ៉ូសាឡឹម ៖ ក្រសួងការបរទេសអ៊ីស្រាអែល បានប្រកាសនូវវិធានការ មួយចំនួន ដែលត្រូវចាត់វិធានការ ប្រឆាំងនឹង តួកគី បន្ទាប់ពីការសម្រេចចិត្តចុងក្រោយ ក្នុងការបញ្ឈប់សកម្មភាព ពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល ដោយសារតែ “អំពើហិង្សាមិនឈប់ឈរ” ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការពិភាក្សា ដែលធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស និងសេដ្ឋកិច្ច ក៏ដូចជាអាជ្ញាធរពន្ធរបស់អ៊ីស្រាអែល វាត្រូវបានសម្រេចចិត្តធ្វើការឆ្ពោះទៅរកការកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចណាមួយរវាងតួកគី និងវេសបែង និងហ្គាហ្សា។

លើសពីនេះទៀត វាត្រូវបានសម្រេចចិត្ត ដើម្បីចាត់វិធានការនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ ដើម្បីស្វែងរកការដាក់ទណ្ឌកម្មប្រឆាំងនឹងតួកគី សម្រាប់ការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើតបញ្ជីជំនួស សម្រាប់សេដ្ឋកិច្ចអ៊ីស្រាអែល នៅទូទាំងវិស័យ និងផលិតផលផ្សេងៗ និងគាំទ្រដល់វិស័យនាំចេញរបស់អ៊ីស្រាអែល ដែលរងផលប៉ះពាល់។

ប្រភពបានកត់សម្គាល់ថា តួកគី គឺជាប្រទេសនាំចូលដ៏ធំបំផុត របស់អាជ្ញាធរប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមការិយាល័យស្ថិតិកណ្តាលរបស់អ៊ីស្រាអែល ក្នុងឆ្នាំ២០២៣ ការនាំចេញទំនិញរបស់អ៊ីស្រាអែល ទៅកាន់ប្រទេស តួកគី មានចំនួន ១,៥៧ ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចូលរបស់អ៊ីស្រាអែលពីតួកគី ឈានដល់ ៤,៦១ពាន់លានដុល្លារ។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់អ៊ីស្រាអែល លោក Nir Barkat បានឲ្យដឹងថា ទន្ទឹមនឹងនេះ អ៊ីស្រាអែល បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ប្រឆាំងនឹងតួកគី សម្រាប់ការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្អាកពាណិជ្ជកម្មជាមួយអ៊ីស្រាអេល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top