ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រី និងជាប្រធានការិយាល័យ រដ្ឋាភិបាលរបស់វៀតណាម ត្រូវបានចាប់ខ្លួន ពីបទពុករលួយ, រំលោភអំណាចអំឡុងពេលកាន់តំណែង

Photo: Vietnam Government Portal

បរទេស៖ លោក ម៉ៃ ទៀន ដុង (Mai Tiến Dũng) អតីតរដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋាភិបាល ត្រូវបានចាប់ខ្លួន ហើយកំពុងប្រឈមមុខនឹងការកាត់ទោស ចំពោះការចោទប្រកាន់ពីបទរំលោភអំណាច អំឡុងពេលកាន់តំណែង។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ការចាប់ខ្លួននេះត្រូវបានលាតត្រដាង ដោយលោកឧត្តមសេនីយ៍ទោ តូ អាន សូ អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈ ក្នុងអំឡុងសន្និសីទកាសែតរបស់ រដ្ឋាភិបាលជាប្រចាំកាលពីថ្ងៃទី៤ ខែឧសភា។

ឧត្តមសេនីយ តូ អាន សូ បាននិយាយថា ការចាប់ខ្លួននេះគឺជាផ្នែកមួយនៃការស៊ើបអង្កេត ដែលកំពុងបន្តលើករណីស៊ីសំណូក និងការរំលោភបំពានអំណាចនៅក្នុងខេត្ត ឡាំដុង និងតំបន់ពាក់ព័ន្ធផ្សេងទៀត។

លោក ម៉ៃ ទៀន ដុង កើតនៅឆ្នាំ ១៩៥៩ នៅខេត្ត ហាណាំ, លោកគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមទី១២ និងទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម។

ក្នុងអាជីពរបស់លោក, លោកបានកាន់តំណែងជាលេខា គណៈកម្មាធិការបក្សខេត្ត ហាណាំ និងជារដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋាភិបាល។

ថ្មីៗនេះ លោកត្រូវបានការិយាល័យនយោបាយ ដាក់ពិន័យដោយមានការព្រមាន ចំពោះការបំពានទាក់ទងនឹងជើងហោះហើរ ជួយសង្គ្រោះដែលធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋវៀតណាមក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩។

បន្ទាប់ពីទទួលបានដីកាចាប់ខ្លួន ពីអយ្យការប្រជាជនកំពូល ក្រសួងសន្តិសុខសាធារណៈបានចាប់ និងឃុំខ្លួនលោក ដុង នៅថ្ងៃទី ៣០ ខែមេសា។

នៅក្នុងសន្និសីទនោះ ឧត្តមសេនីយ តូ អាន សូ ក៏បានផ្តល់ព័ត៌មានថ្មីៗអំពីការស៊ើបអង្កេត ដែលកំពុងដំណើរការលើសំណុំរឿង ពុករលួយធំៗចំនួនពីរ ដែលពាក់ព័ន្ធនឹង ភុកសុន Group និង ធូអាន Group។

ក្នុងសំណុំរឿង ភុកសុន Group លោកបានបង្ហើបថា រហូតមកដល់ពេលនេះ ភ្នាក់ងារប៉ូលិសស៊ើបអង្កេត បានកាត់ទោសជនសង្ស័យចំនួន ២៣ នាក់ ហើយនឹងបន្តពង្រីកការស៊ើបអង្កេត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top