ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអង្គការសហប្រជាជាតិ សង្កត់ធ្ងន់ថា ចាំបាច់ត្រូវឈានដល់បទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្គាហ្សា

Xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅក្នុងការហៅទូរស័ព្ទមួយ លោក Amir-Abdollahian បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា និងបានអំពាវនាវឱ្យមានសម្ពាធបន្ថែមទៀតលើអ៊ីស្រាអែល ប្រឆាំងនឹងការកើនឡើងនូវភាពតានតឹង ដែលនឹងជិតមកដល់។

លោកបានអះអាងថា អ៊ីស្រាអែល តាមរយៈការគ្រប់គ្រង ឬការបិទច្រកព្រំដែនចូលទៅក្នុងតំបន់ហ្គាហ្សា បានព្យាយាមបង្កឱ្យមាន “គ្រោះមហន្តរាយមនុស្សធម៌” មួយផ្សេងទៀតនៅក្នុងតំបន់ និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់អន្តរជាតិមិនមានប្រសិទ្ធភាព។

លោកបានព្រមានអ្នកគាំទ្រនៃសង្គ្រាមអំពី “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើពួកគេបន្តព្រងើយកន្តើយ ចំពោះអ៊ីស្រាអែល ដែលប្រព្រឹត្ត “ឧក្រិដ្ឋកម្មថ្មី” នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ជំនួសឱ្យការដាក់សម្ពាធថ្នាក់ដឹកនាំរបស់ខ្លួនឱ្យទទួលយកសំណើបទឈប់បាញ់នាពេលថ្មីៗនេះ។

លោក Amir-Abdollahian បានសម្តែងការគាំទ្ររបស់លោក ចំពោះការឆ្លើយតបរបស់ក្រុមហាម៉ាសចំពោះសំណើបទឈប់បាញ់នេះ ហើយបានពន្យល់ប្រាប់ប្រធានអង្គការសហប្រជាជាតិអំពីកិច្ចពិភាក្សារបស់លោក ជាមួយភាគីកាតា អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ព្រមទាំងលោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top