កាប៊ុល៖ អង្គការសង្គ្រោះកុមារពិភពលោក បានឲ្យដឹងកាលពីថ្ងៃចន្ទថា កុមារប្រមាណ ៤០.០០០នាក់ បានបាត់បង់ផ្ទះសម្បែងរស់នៅ របស់ពួកគេនៅខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ដោយសារភ្លៀងធ្លាក់ចុះយ៉ាងគំហុគ និងបង្កជាគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងខេត្ត និងក្នុងតំបន់ផ្សេងៗទៀតកាលពីថ្ងៃសុក្រ ។
លោក Arshad Malik នាយកប្រចាំប្រទេសនៃអង្គការ ជួយសង្គ្រោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា “កុមារ មានការភ័យខ្លាច ។ ភាគច្រើនបាត់បង់អ្វីៗទាំងអស់ មិនត្រឹមតែផ្ទះសម្បែងប៉ុណ្ណោះទេ ថែមទាំងសាលារៀនរបស់ពួកគេ និងកន្លែងដែលពួកគេលេងថែមទៀតផង ។ ពួកគេបានបាត់បង់អ្វីៗ ។ ពួកគេបានបាត់បង់នូវអ្វីទាំងអស់ដែលធ្លាប់មាន” ។
យោងតាមការិយាល័យរបស់អង្គការ កម្មវិធីស្បៀងអាហារពិភពលោក និងក្រុមមន្ត្រីក្នុងស្រុករបស់អាហ្វហ្គានីស្ថានថា មានជាង៣៣០នាក់ បានស្លាប់នៅទូទាំងប្រទេស ភាគច្រើននៅខេត្ត Baghlan និងតំបន់ខ្លះនៃខេត្ត Takhar, Badakhshan និងខេត្ត Ghor ។
អង្គការសង្គ្រោះកុមារពិភពលោក និងក្រុមមន្ត្រីអាហ្វហ្គានីស្ថាន បានព្រមានអំពីការកើនឡើងនៃការស្លាប់ និងឆ្លងជំងឺ ជាពិសេសក្នុងចំណោមកុមារ ក្រោយពីមានគ្រោះទឹកជំនន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា