ព័ត៌មានអន្តរជាតិ

អាមេរិក និង​ចិន មាន​ការ​ព្រួយ​បារម្ភ​ដូចគ្នា នៅ​ក្នុង​កិច្ច​សន្ទនា​លើក​ទី១ ស្ដីពី​ការ​ប្រើ​ប្រាស់ AI ដោយ​សុវត្ថិភាព

CTV News

ប៉េកាំង៖ មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងចិន បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះភាគីម្ខាងទៀត នៅក្នុងកិច្ចសន្ទនាលើកដំបូង របស់ពួកគេ ស្តីពីការប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៃបញ្ញាសិប្បនិម្មិត ។

បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ ស្តីពីហានិភ័យដែលកំពុងកើតមានទាក់ទងនឹងប្រព័ន្ធ AI កម្រិតខ្ពស់ លោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភចំពោះការប្រើប្រាស់បច្ចេកវិទ្យាថ្មីខុស រួមទាំងដោយប្រទេសចិនផងដែរ។

លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីមាន “ការពិភាក្សាដោយស្មោះត្រង់ និងស្ថាបនា” ហើយសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ “សារៈសំខាន់នៃការធានាឱ្យប្រព័ន្ធ AI មានសុវត្ថិភាព និងគួរឱ្យទុកចិត្តបាន” ។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសចិន បានឲ្យដឹងថា ទីក្រុងប៉េកាំងបានសម្តែងការមិនពេញចិត្តចំពោះការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យ AI នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងសារព័ត៌មានក្យូដូជប៉ុន។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញឧបករណ៍ អេឡិចត្រូនិកទំនើប និងបច្ចេកវិទ្យាផ្សេងទៀតទៅកាន់ប្រទេសចិន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារមហាអំណាចអាស៊ីពីការប្រើប្រាស់ ពួកវាសម្រាប់ទំនើបកម្មយោធារបស់ខ្លួន។

នៅមុនកិច្ចប្រជុំមួយថ្ងៃ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា កិច្ចសន្ទនានេះនឹងមិនផ្តោតលើ “ការផ្តល់ជូនពិសេសណាមួយនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរទស្សនៈស្តីពីហានិភ័យបច្ចេកទេសនៃប្រព័ន្ធ AI និងឱកាសមួយដើម្បីទំនាក់ទំនងដោយផ្ទាល់លើផ្នែកនៃការព្រួយបារម្ភរៀងៗខ្លួន”។

ការចាប់ផ្តើមនៃកិច្ចសន្ទនាបែបនេះ ដែលមានការចូលរួម ពីមន្ត្រីជាន់ខ្ពស់មកពីទីភ្នាក់ងារផ្សេងៗ ត្រូវបានព្រមព្រៀងគ្នាក្នុងអំឡុង កិច្ចប្រជុំផ្ទាល់លើកដំបូង ក្នុងរយៈពេលមួយឆ្នាំរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីខែវិច្ឆិកា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top