ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កិច្ចជំនួបម្តងទៀត រវាងប្រមុខរដ្ឋចិន និងរុស្ស៊ី បានបំពេញបន្ថែមស្ថិរភាព ទៅក្នុងពិភពលោក ដែលមានភាពច្របូកច្របល់

កាលពីថ្ងៃទី ១៦ ខែឧសភា ពិធីបើកសកម្មភាព” ឆ្នាំវប្បធម៌ចិន-រុស្ស៊ី”និងការប្រគំតន្ត្រីពិសេសដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូត រវាងប្រទេសចិននិងរុស្ស៊ី បានប្រារព្ធធ្វើ នៅរោងមហោស្រពជាតិ ក្រុងប៉េកាំង ។ នៅថ្ងៃដដែល លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ និងធ្វើកិច្ចជំនួបខ្នាតតូច ជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី ដែលអញ្ជើញបំពេញ ទស្សនកិច្ចនៅប្រទេសចិន ។
មេដឹកនាំ នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់ យ៉ាងស៊ីជម្រៅ ជុំវិញទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ ដែលភាគីទាំងពីរ យកចិត្ត ទុកដាក់ដូចគ្នា ហើយបានរួមគ្នាគ្រោង ផែនការ គោលថ្មី នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ។ ប្រទេសចិននិងរុស្ស៊ី បានចេញផ្សាយសេចក្តីថ្លែង ការណ៍រួម និងបានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការជាច្រើន ដើម្បីបំពេញបន្ថែមនូវកម្លាំង ចលករថ្មីក្នុងការធ្វើឱ្យស៊ីជម្រៅ នូវទំនាក់ទំនងទ្វេភាគី ។

ប្រទេសចិននិងរុស្ស៊ីបាននិង កំពុងប្រកាន់ខ្ជាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដោយឈរលើគោលការណ៍”មិនចងបក្សសម្ព័ន្ធ មិនបដិបក្ខគ្នានិងមិនសំដៅ ចំពោះភាគីទី៣” ដែលបានបង្កើតជាគំរូល្អ នៃទំនាក់ទំនងអន្តរជាតិបែបថ្មី ក៏ដូចជានាំមកនូវស្ថិរភាពដ៏មានតម្លៃពន់ពេក ជូនដល់ពិភពលោក ដែលកំពុងមានភាពច្របូកច្របល់ ។

ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំ នៃប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ។ លោកប្រធានរដ្ឋចិន Xi Jinping បានបូកសរុបវិធីសាស្ត្ររួមរស់នៅ ជាមួយគ្នាដ៏ត្រឹមត្រូវរវាងចិននិងរុស្ស៊ី ពោលគឺ “ភាគីទាំងពីរចាំបាច់ត្រូវផ្សព្វផ្សាយគោលការណ៍ ៥ ប្រការនៃការរួម រស់ដោយសនិ្តសហវិជ្ជមាន ជាប់រហូមក គោរពគ្នាទៅវិញទៅមក កសាងទំនុកចិត្តគ្នាទៅវិញទៅមកប្រកបដោយសមភាព យោគយល់ពី កង្វល់រៀងៗខ្លួន ក៏ដូចជាផ្តល់ជំនួយដល់ការអភិវឌ្ឍនិងការស្តារឡើងវិញរបស់ភាគីទាំងពីរយ៉ាងពិតប្រាកដ” ។

បន្ទាប់ពីឆ្លងកាត់អស់រយៈពេល ៧៥ ឆ្នាំ ទំនាក់ទំនងចិន-រុស្ស៊ីកំពុងឈរនៅទីចាប់ផ្តើមថ្មី ។ តើត្រូវកសាងអនាគតកាន់តែល្អបវរដោយរបៀបណា ? បើមើលពីគំនិតឯកភាពរួមដែលភាគីទាំងពីរបានឈានដល់អាចឃើញថា ប្រទេសទាំងពីរនឹងធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យជាច្រើនដូចជា ពង្រឹងការកសាង ទំនុកចិត្តគ្នាខាង នយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនការរៀនសូត្រពីគ្នាផ្នែកវប្បធម៌ និងធ្វើឱ្យអភិបាល កិច្ចសកលមានសុក្រឹតភាពជាដើម ។

លក្ខណៈពិសេសនិងកម្រិតខ្ពស់នៃទំនាក់ទំនងចិន-រុស្ស៊ីជាបឋមគឺបង្ហាញនៅត្រង់មូលដ្ឋានគ្រឹះដ៏រឹងមាំនៃការកសាងទំនុកចិត្តគ្នាខាងនយោបាយ ។ ក្នុងសេចក្តីថ្លែងការណ៍រួម ដែលភាគីទាំងពីរបានចេញផ្សាយ លើកនេះ រុស្ស៊ីបានរំលឹកឡើងវិញ នូវការគោរពគោលការណ៍ចិន តែមួយនិងប្រឆាំងការប៉ុនប៉ង ចង់ឱ្យតៃវ៉ាន់ឯករាជ្យទោះតាមទម្រង់ណាក៏ដោយ។ ដោយឡែកប្រទេសចិនសម្តែងការគាំទ្រចំពោះរុស្ស៊ីក្នុងការគាំពារសន្តិសុខនិងស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសខ្លួន ព្រមទាំងប្រឆាំងកម្លាំងខាងក្រៅមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ។ លោកប្រធានាធិបតី ភូទីន បានសង្កត់ធ្ងន់ថា ” ការអភិវឌ្ឍរបស់ប្រទេសចិន គឺមិនអាចរារាំងបានទេ ហើយគ្មានកម្លាំងណាមួយអាចទប់ស្កាត់ ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិនបានឡើយ” ។

កិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាចំណុចលេចធ្លោមួយ នៃទំនាក់ទំនងចិន-រុស្ស៊ី ។ នៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគី បានលើសពី ២ សែន ៤ ម៉ឺនលានដុល្លារអាមេរិក ហើយប្រទេសចិនបានរក្សាឋានៈជាដៃគូ ពាណិជ្ជកម្មធំទីមួយរបស់រុស្ស៊ីក្នុង រយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ។ អ្នកវិភាគបានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសចិននិងរុស្ស៊ី មានចន្លោះសហប្រតិបត្តិការដ៏ទូលំទូលាយក្នុងវិស័យងើបឡើងថ្មី ដូចជា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ធុរកិច្ចអេឡិចត្រូនិកឆ្លងដែន និង ការផលិតរថយន្តជាដើម ដែលនឹងជំរុញយ៉ាងខ្លាំងក្លា ដល់ការអភិវឌ្ឍនិងការស្តារឡើង វិញរបស់ប្រទេសទាំងពីរ ។

បច្ចុប្បន្ននេះ ពិភពលោកមានភាពរង្គោះរង្គើ ហើយការប៉ះទង្គិច ក្នុងតំបន់បានកើតឡើងជាញឹកញាប់ ។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ ប្រទេសចិននិងរុស្ស៊ីសុទ្ធតែគាំពារ យ៉ាងមុតមាំនូវការគាំពារប្រព័ន្ធអន្តរជាតិ ដែលចាត់ទុកអង្គការ សហប្រជាជាតិជាស្នូលនិងគាំពាររបៀបរៀបរយអន្តរជាតិដែលតម្កល់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ហើយផ្តួចផ្តើមឱ្យអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។ ភាគីទាំងពីរយល់ឃើញជា ឯកច្ឆន្ទថា ត្រូវដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយឈរលើមូលដ្ឋាននៃ”ដំណោះស្រាយរដ្ឋពីរ” ។ រុស្ស៊ីស្វាគមន៍ប្រទេសចិន បន្តដើរតួនាទីដ៏សំខាន់និង មានលក្ខណ:ស្ថាបនាក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនតាមវិធីនយោបាយ ។

ឆ្ពោះទៅរកអនាគត ចិននិងរុស្ស៊ីដែលជាអ្នក ជិតខាងល្អ មិត្តល្អនិងជាដៃគូល្អទាំងពីរនេះ នឹងពួតដៃគ្នារីកចម្រើនទៅមុខ ដើម្បីជួយដល់ការអភិវឌ្ឍ និងការស្តារឡើងវិញរៀងៗខ្លួន ។ ដោយឡែកវិបុលភាពនិង ស្ថិរភាពនៃពិភពលោកក៏នឹងទទួលបាន ថាមពលវិជ្ជមានកាន់តែច្រើនផងដែរ ៕

To Top