ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការមជ្ឈិមបក្ស របស់វៀតណាម ផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ ឡើងធ្វើជាប្រធានាធិបតី

រូបភាព៖ VN Express

បរទេស៖ គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម ចំណែកអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាគឺលោក Tran Thanh Man ឡើងជាប្រធានសភា។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋសភា ដែលជាស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសវៀតណាម នឹងបោះឆ្នោតលើអនុសាសន៍នៅសម័យប្រជុំបន្ទាប់របស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃចន្ទ។

លោក To Lam អាយុ ៦៧ ឆ្នាំ គឺជារដ្ឋមន្ត្រីសន្តិសុខសាធារណៈបច្ចុប្បន្ន លោក​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ចាត់​តាំង​នៅ​ឆ្នាំ​២០០៩ ឲ្យ​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​សន្តិសុខ ១។

លោកបានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅខែសីហាឆ្នាំ ២០១០ បន្ទាប់មកជារដ្ឋមន្ត្រីសន្តិសុខសាធារណៈនៅខែមេសាឆ្នាំ ២០១៦ ។ លោក​ក៏​ជា​អនុប្រធាន​បច្ចុប្បន្ន​នៃ​គណៈកម្មាធិការ​ដឹកនាំ​មជ្ឈិម​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយផងដែរ។

ចំណែកលោក Tran Thanh Man អាយុ ៦២ឆ្នាំ ជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho, ជាលេខាគណៈកម្មាធិការបក្ស Can Tho និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ ចាប់តាំងពីខែមេសា ឆ្នាំ ២០២១ លោកបានក្លាយជាអនុប្រធានរដ្ឋសភា។

គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បានផ្តល់អនុសាសន៍លើបុគ្គលិកក្នុងសម័យប្រជុំលើកទី ៩ របស់ខ្លួននៅចន្លោះថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ បន្ទាប់ពីអតីតប្រធានរដ្ឋលោក Vo Van Thuong និងអតីតប្រធានរដ្ឋសភាលោក Vuong Dinh Hue ចេញពីមុខតំណែង។

នាថ្ងៃទី ២០ ខែមីនា គណៈកម្មាធិការមជ្ឈិមបានអនុម័តសំណើសុំលាលែងពីតំណែងរបស់លោក Thuong ជាប្រធានាធិបតី សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។

រដ្ឋសភា​បាន​បោះឆ្នោត​ជា​ផ្លូវ​ការ​ឱ្យលោក​ចុះ​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​បន្ទាប់។ លោកស្រៅ Vo Thi Anh Xuan ដែលពីមុនជាអនុប្រធានាធិបតី ឥឡូវនេះជាប្រធានាធិបតីស្តីទី។

កាលពីថ្ងៃទី២ ខែឧសភា រដ្ឋសភាបានផ្តល់សំណើផ្ទាល់ខ្លួនរបស់លោក Hue ឱ្យចុះចេញពីតំណែងជាប្រធាន បន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្សបានអនុម័តលើការលាលែងរបស់លោក។

អនុលោមតាមបទប្បញ្ញត្តិរបស់គណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ និងប្រធានរដ្ឋសភាត្រូវតែជាសមាជិកការិយាល័យនយោបាយយ៉ាងហោចណាស់មួយអាណត្តិរយៈពេលប្រាំឆ្នាំ ៕

ប្រែសម្រួល: ណៃ តុលា

To Top