បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ទីភ្នាក់ងារជាតិ ទទួលបន្ទុកកិច្ចការងារស្ថិតិ របស់រុស្សីហៅកាត់ថា Rosstat បាននិយាយនៅ ក្នុងរបាយការណ៍បឋម ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ី បានកើនឡើង៥,៤ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤ ។
យោងតាមការប៉ាន់ប្រមាណ ប្រទេសរុស្ស៊ីបានឃើញកំណើន ដ៏រឹងមាំនៅក្នុងចំណូលលក់រាយពោល គឺកើនឡើងប្រមាណជា១០,៥ភាគរយ ផលិតកម្ម កើនឡើង ៨,៨ភាគរយ និងសំណង់ ៣,៥ភាគរយ ក្នុងខែមករាដល់ខែមីនា ។
ទិន្នន័យ Rosstat ស្របតាមការប៉ាន់ប្រមាណ ពីមុនពីក្រសួងសេដ្ឋកិច្ច ប៉ុន្តែលើសពីធនាគារ នៃប្រទេសរុស្ស៊ី កំណើន ៤,៦ភាគរយ និងការរំពឹងទុក របស់អ្នកវិភាគ ៥,៣ភាគរយហើយទីភ្នាក់ងារនេះ គ្រោងនឹងចេញផ្សាយទិន្នន័យលម្អិតបន្ថែមទៀតអំពី GDP នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ។
យោងតាមការព្យាករណ៍ ពីមុន ពីធនាគារ នៃប្រទេសរុស្ស៊ីបានបង្ហាញថាកំណើន GDP ត្រូវបានគេរំពឹងថានឹងថយចុះ នៅក្នុងត្រីមាសទីពីរ ដោយសារតែការរឹតបន្តឹង លក្ខខណ្ឌសារពើពន្ធ។ ទោះជាយ៉ាងណាក៏ដោយ និយតកររំពឹងថាតម្រូវការអ្នកប្រើប្រាស់ និងការវិនិយោគនៅតែមានកម្រិតខ្ពស់ ហើយបន្តជំរុញកំណើនសេដ្ឋកិច្ច៕
ប្រែសម្រួល៖ស៊ុនលី