ព័ត៌មានអន្តរជាតិ

សមាជិកណាតូ មួយចំនួនបានបញ្ជូនគ្រូបង្វឹក យោធានិងហ្វឹកហាត់យោធា នៅក្នុងប្រទេស អ៊ុយក្រែនរួចទៅហើយ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas បាននិយាយថា បុគ្គលិកយោធាមកពីប្រទេស សមាជិកណាតូមួយចំនួន កំពុងបណ្តុះបណ្តាល ទាហានអ៊ុយក្រែន នៅក្នុងប្រទេសរួច ទៅហើយ ។

ទោះបីជាយ៉ាងណាក្តី លោកស្រីនាយករដ្ឋមន្ត្រីបានអះអាង បន្ថែមនៅក្នុងបទ សម្ភាសន៍ជាមួយ Financial Times កាលពីថ្ងៃចន្ទម្សិលមិញថា ៖ នេះនឹងមិននាំឱ្យមានការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ជាមួយរុស្ស៊ីទេពីព្រោះយោធា ទាំងនោះកំពុងធ្វើវា ដោយហានិភ័យផ្ទាល់ខ្លួនប៉ុណ្ណោះ។

ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ីលោកស្រី Maria Zakharova បានឆ្លើយតបដោយជំរុញ ឱ្យមេដឹកនាំអេស្តូនីរូបនេះក្នុងការ ជូនដំណឹងដល់សាធារណជន អំពីទិដ្ឋភាពបន្ថែមនៃបេសកកម្មទាំងនេះ។

លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា៖ប្រទេសខ្លះកំពុងទទួលបានគ្រូបង្វឹករបស់ពួកគេមកវិញហើយ។ ប៉ុន្តែពួកគេព្យាយាមរក្សាអាថ៍ កំបាំងអំពីរឿងនេះ។ ខ្ញុំសង្ឃឹមថា Kaja ដ៏ក្លាហាននឹងផ្តល់ព័ត៌មាន លម្អិតបន្ថែមអំពីបេសកកម្ម លើកនេះផង។

គួរឲ្យដឹងដែរថាលោកស្រីKallas គឺជាអ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកគាំទ្រ ដែលនិយាយមិនដាច់ពីមាត់បំផុត នៃកិច្ចប្រឹងប្រែងធ្វើសង្គ្រាម របស់ទីក្រុងគៀវប្រឆាំងនឹងរុស្ស៊ី ហើយក៏តែងតែបានរិះគន់ អ្នកនយោបាយលោកខាងលិច ដែលស្ទាក់ស្ទើរក្នុងការបង្កើន ជំនួយយោធាសម្រាប់ អ៊ុយក្រែនផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top