ព័ត៌មានអន្តរជាតិ

បុរសជនបរទេសម្នាក់ ធ្លាក់ស្លាប់ភ្លាមៗ ពីលើអគារផ្សារទំនើបមួយ ក្នុងទីក្រុង បាងកក

Workpoint TV

បរទេស ៖ បុរសជនបរទេសម្នាក់បានធ្លាក់ស្លាប់ ពីលើជាន់ទី៥នៃផ្សារទំនើបមួយក្នុងតំបន់ Sukhumvit នៃទីក្រុងបាងកក កាលពីយប់ថ្ងៃពុធ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ការស្លាប់របស់ជនបរទេសរូបនេះ ត្រូវបានគេរាយការណ៍ មកប៉ុស្តិ៍នគរបាល Thong Lor ប្រហែលម៉ោង១០និង៣០នាទីយប់ ។ ប៉ូលិស មន្ត្រីកោសល្យវិច្ច័យ និងអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ដែលសាកសពត្រូវបានគេរកឃើញនៅ Soi Sukhumvit 35 ក្នុង Khong Tan Nuea នៃសង្កាត់ Watthana។

បុរសដែលពាក់អាវយឺតខ្មៅ និងខោខូវប៊យ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាម ដោយមានរបួសក្បាល និងបាក់ជើង នៅលើផ្លូវដើររវាងសណ្ឋាគារ និងផ្សារទំនើប។ ប៉ូលិសមិនទាន់កំណត់សញ្ជាតិ របស់ជនរងគ្រោះនៅឡើយទេ។

បុគ្គលិកអគារនៅមជ្ឈមណ្ឌល លក់ទំនិញបានគ្របសាកសព ដោយតង់ពណ៌ស ខណៈភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះ។ មានសេចក្តីរាយការណ៍មកថា ជនបរទេសអាយុ ៣៥-៤០ឆ្នាំ បានធ្លាក់ពីលើអគារជាន់ទី៥ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top