ព័ត៌មានអន្តរជាតិ

ចិន បង្កើន​ការ​រិះ​គន់​ចំពោះ​មេដឹកនាំថ្មី តៃវ៉ាន់ ​ជុំវិញ​សុន្ទរកថា​របស់លោក

Kyodo

ប៉េកាំង៖ ប្រទេសចិន បានបង្កើនការរិះគន់របស់ខ្លួនចំពោះប្រធានាធិបតីថ្មីរបស់តៃវ៉ាន់លោក ឡៃ ឈីងតេ ជាមួយនឹងទីភ្នាក់ងាររដ្ឋាភិបាល ដែលទទួលខុសត្រូវ ចំពោះទំនាក់ទំនងជាមួយកោះដែលគ្រប់គ្រងដោយខ្លួនឯង បានថ្កោលទោសសុន្ទរកថាបើកសម្ពោធរបស់លោក ឡៃ ថាជា “ការសារភាព” នៃជំហរគាំទ្រឯករាជ្យភាពជ្រុលនិយមរបស់លោក។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានអះអាងកាលពីថ្ងៃអង្គារថា លោក ឡៃ “បានព្យាយាមផ្លាស់ប្តូរលក្ខណៈនៃទំនាក់ទំនង” រវាងទីក្រុងប៉េកាំង និងតៃប៉ិ ដែល “បង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍ចិនតែមួយ” ។

ចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន។ ទោះយ៉ាងណាលោក ឡៃ បានហៅកោះតៃវ៉ាន់ថាជា “ប្រទេសអធិបតេយ្យ និងឯករាជ្យ” ខណៈពេលដែលទទូចថាខ្លួន និងដីគោកដែលគ្រប់គ្រងដោយកុម្មុយនិស្តគឺ “មិនចំណុះចំពោះគ្នាទៅវិញទៅមក” ។ លោកក៏បានប្តេជ្ញានៅក្នុងសុន្ទរកថារបស់លោក ដើម្បីរក្សាស្ថានភាពដដែលនៅក្នុងទំនាក់ទំនង។

អ្នកនាំពាក្យបានឲ្យដឹងថា សុន្ទរកថារបស់លោក ឡៃ បានបង្ហាញយ៉ាងពេញលេញថាលោក គឺជា “អ្នកបង្អាក់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Chen ក៏បានព្រមានរដ្ឋាភិបាលនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ប្រឆាំងនឹង “ការឃុបឃិតជាមួយកងកម្លាំងខាងក្រៅ ដើម្បីបង្ករឿង និងស្វែងរកឯករាជ្យ” ដោយថាទីក្រុងប៉េកាំង “ត្រូវតែប្រឆាំង និងដាក់ទណ្ឌកម្មពួកគេ” ជាការឆ្លើយតប។

លោកបានបន្ថែមថា “ការប៉ុនប៉ងរបស់លោក ឡៃ ឈីងតេ ដើម្បីញុះញង់មនោសញ្ចេតនាប្រឆាំងចិន និងបន្តស្វែងរកឯករាជ្យភាព ដោយប្រើកម្លាំងនឹងជំរុញឱ្យតៃវ៉ាន់ ចូលទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នៃជម្លោះយោធា”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top