ព័ត៌មានអន្តរជាតិ

ព្យុះស៊ីក្លូន Remal បោកបក់មកលើតំបន់ឆ្នេរ សមុទ្របង់ក្លាដេស និងឥណ្ឌា

Xinhua

ដាកា៖ មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋាន ឧតុនិយមបង់ក្លាដេស (BMD) បានឲ្យដឹងថា កាលពីយប់ថ្ងៃអាទិត្យ ព្យុះស៊ីក្លូន Remal បានបោកបក់មកលើតំបន់ឆ្នេរ សមុទ្របង់ក្លាដេស និងឥណ្ឌា ។

លោក Md Shamim Ahsan អនុប្រធានមជ្ឈមណ្ឌលព្រមានព្យុះស៊ីក្លូនប្រចាំនៅ BMD បានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះថា ខ្យល់បក់បោកយ៉ាងខ្លាំង និងខ្យល់ព្យុះ បានបក់បោកនៅ តាមបណ្តោយឆ្នេរ នៃភាគខាងត្បូង ប្រទេសបង់ក្លាដេស និងរដ្ឋ Bengal ខាងលិច របស់ប្រទេសឥណ្ឌា បន្ទាប់ពីព្យុះនេះបាន បោកបក់មកលើច្រាំង នៅម៉ោង៨និង០០នាទីយប់ ម៉ោងក្នុងស្រុក ។

រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ថា មានអ្នករងរបួសដោយសារព្យុះនេះនៅឡើយទេ ។

លោកបានបញ្ជាក់ថា មជ្ឈមណ្ឌល បានតាមដានទៅលើព្យុះស៊ីក្លូននេះដែរត្រូវបានគេរំពឹងថា នឹងផ្លាស់ទីទៅភាគ ខាងជើងបន្តទៀត ហើយឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដេសទាំងមូល ដោយលោកបានលើកឡើងទៀតថា ទិសរបស់ព្យុះស៊ីក្លូនគ្រោងនឹងឆ្លងកាត់ប្រទេស បង់ក្លាដេសនៅចន្លោះ ពាក់កណ្តាលអធ្រាត្រ ដល់ម៉ោង១និង០០ ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃចន្ទ បន្ទាប់ពីនោះវាត្រូវបានគេរំពឹងថា នឹងថយឥទ្ធិពលវិញ ។

នៅក្នុងព្រឹត្តិបត្រពិសេស ចុងក្រោយបង្អស់ របស់ខ្លួន ក្រោមឥទ្ធិពលនៃព្យុះ តំបន់ទំនាបមួយចំនួន និងកោះនៅឈូង សមុទ្ររបស់ពួកគេ ទំនងជាត្រូវបានជន់លិច ដោយសារខ្យល់ព្យុះ ដែលមានកម្ពស់ជាច្រើន ហ្វីតលើសពីជំនោរ តារាសាស្ត្រធម្មតា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top