ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងទទួលបាន យន្តហោះចម្បាំង F-16 ចំនួន ៣០គ្រឿងពីបែលហ្ស៊ិក

AFP

បរទេស៖ អ៊ុយក្រែន ​បាន​ទទួល​ជំនួយ​យោធា​ថ្មី​ជាង ១ ពាន់​លាន​ដុល្លារ​ ពី​ប្រទេសបែលហ្ស៊ិក​ ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​នៅថ្ងៃ​អង្គារ ដែល​រួម​មាន​ការ​ផ្តល់ ​យន្តហោះ​ចម្បាំង F-16 ចំនួន ៣០ គ្រឿង។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ បានកើតឡើងនៅពេល ដែលប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើទស្សនកិច្ច នៅទីក្រុងប្រ៊ុចសែល ក្នុងដំណើរមួយ ដែលរួមបញ្ចូលទាំងការឈប់ នៅប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ក្នុងការស្វែងរកជំនួយថ្មីៗដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន របស់រុស្ស៊ីដែលបានចាប់ផ្តើមនៅដើមឆ្នាំ ២០២២ ។

លោក Zelenskyy បាននិយាយនៅលើទំព័រ X ថា “កិច្ចព្រមព្រៀងនេះធានានូវជំនួយ សន្តិសុខទាន់ពេលវេលា របស់ប្រទេសបែលហ្ស៊ិក រថពាសដែកទំនើប បរិក្ខារ ដើម្បីបំពេញតម្រូវការកងទ័ពអាកាស និងការពារដែនអាកាស របស់អ៊ុយក្រែន សន្តិសុខកងទ័ពជើងទឹក ការបោសសម្អាតមីន ការចូលរួមនៅក្នុងក្រុមចម្រុះនៃគ្រាប់កាំភ្លើងធំ និងការបណ្តុះបណ្តាលយោធា” ។

មេដឹកនាំអ៊ុយក្រែនបាននិយាយថា កិច្ចព្រមព្រៀងរយៈពេល ១០ ឆ្នាំក៏រួមបញ្ចូលផងដែរ នូវកិច្ចសហប្រតិបត្តិការ ជាមួយបែលហ្សិកលើការ ស៊ើបការណ៍សម្ងាត់ សន្តិសុខតាមអ៊ីនធឺណិត ការប្រឆាំងព័ត៌មានមិនពិត និងឧស្សាហកម្មការពារជាតិ។

ប្រទេសអ៊ុយក្រែន និងអេស្បាញ បានប្រកាសកិច្ចព្រមព្រៀងកាលពីថ្ងៃច័ន្ទសម្រាប់ជំនួយយោធាចំនួន ១,១ ពាន់លានដុល្លារនៅឆ្នាំនេះ និងច្រើនជាង ៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៧ ដោយអេស្បាញបានប្រគល់រថក្រោះ Leopard និងគ្រាប់កាំភ្លើងធំដល់អ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា

To Top