ម៉ានីល៖ មានមនុស្សចំនួន២នាក់បានស្លាប់ និងម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយមនុស្ស៣នាក់ផ្សេងទៀត បានបាត់ខ្លួន ក្រោយពីនាវាធ្វើនេសាទ១គ្រឿង បានផ្ទុះឆាបឆេះ ដែលបានធ្វើដំណើរពីដែនទឹកនៃខេត្ត Cebu ស្ថិតនៅភាគកណ្តាល នៃប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃពុធ ។
លោកឧត្តមនាវីទោ Armando Balilo អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រ បានលើកឡើងថា អគ្គីភ័យបានឆាបឆេះនៅវេលា ម៉ោង៨និង២៥នាទីយប់ ម៉ោងក្នុងស្រុក នៅលើទូកនេសាទនៅតំបន់ជុំវិញទឹកប្រហែល ១,៥ម៉ាយពីឆ្នេរសមុទ្រ នៃទីក្រុងណាហ្គា ។
លោក Balilo បានបញ្ជាក់ថា មនុស្សចំនួន១១នាក់នៅលើទូកនោះ ហើយមនុស្សចំនួន៥នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល ។
លោកបានលើកឡើងទៀតថា សាកសព២នាក់ត្រូវបានរកឃើញ ខណៈម្នាក់សន្លប់ ក្រោយពីមានការរលាកភ្លើងខ្លាំង ។
ក្រុមអ្នករុករក និង អ្នកជួយសង្គ្រោះ កំពុងស្វែងរកអ្នកបាត់ខ្លួន ហើយការស៊ើបអង្កេត កំពុងដំណើរការ ដើម្បីកំណត់ពី មូលហេតុ នៃការផ្ទះឆេះនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
