ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ថ្លែងថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី ផ្អែកលើប្រយោជន៍រួម អំណោយផល ដល់ស្ថិរភាពពិភពលោក

Xinhua

ST. PETERSBURG ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានថ្លែងយ៉ាងដូច្នេះថា ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងចិន ដោយផ្អែកលើផលប្រយោជន៍រួម យ៉ាងជ្រាលជ្រៅបំផុត គឺអំណោយផលដល់ស្ថិរភាពពិភពលោក ។

ការអភិវឌ្ឍន៍ទំនាក់ទំនង រវាងប្រទេសរុស្ស៊ី និងចិន មិនមែនជាអាកប្បកិរិយា រយៈពេលខ្លីឡើយ ប៉ុន្តែផ្អែកលើផលប្រយោជន៍រួម យ៉ាងជ្រាលជ្រៅ ហើយទំនាក់ទំនងទ្វេភាគីពឹងផ្អែក លើការសម្រេចចិត្ត ប្រកបដោយការប្រុងប្រយ័ត្ន និងការខិតខំប្រឹងប្រែងរួមគ្នា។ ទំនាក់ទំនងចិន ក្នុងជំនួបជាមួយប្រមុខទីភ្នាក់ងារ ព័ត៌មានអន្តរជាតិធំៗ ។

លោក ពូទីន បានកត់សម្គាល់ថា ប្រទេសចិន គឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ របស់រុស្ស៊ីអស់រយៈពេល១៥ឆ្នាំមកហើយ ។ ពាណិជ្ជកម្មទ្វេភាគី បានលើសពីការរំពឹងទុក ដែលឈានដល់២៤០ ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមស្ថិតិរបស់ប្រទេសចិន ។ ទន្ទឹមនឹងនេះដែរ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងរុស្ស៊ី និងចិន មានភាពចម្រុះកាន់តែខ្លាំងឡើង បន្ថែមពីលើវិស័យថាមពល ហើយភាគីទាំង២ ក៏មានទស្សនវិស័យទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ដូចជាការផលិតយន្តហោះ និងបញ្ញាសិប្បនិម្មិតផងដែរ ។

លោកប្រធានាធិបតីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគី គឺហួសពីវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម យោធា និងបច្ចេកទេស និងលើឆាកអន្តរជាតិ ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២នៅលើឆាកអន្តរជាតិ គឺជាកត្តាសំខាន់ក្នុងការរក្សាស្ថិរភាពពិភពលោក ។

លោក ពូទីន បានបញ្ជាក់ថា ក្នុងឆ្នាំនេះ គឺជាឆ្នាំនៃវប្បធម៌ រវាងប្រទេសរុស្ស៊ី និងចិន ដោយបានបន្ថែមថា ការផ្លាស់ប្តូរវប្បធម៌ដាក់មូលដ្ឋានគ្រឹះ និងបង្កើតបរិយាកាសល្អ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ ដែលមានសារៈសំខាន់ មិនតិចជាងវិស័យផ្សេងទៀតឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top