ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ នៅពីក្រោយដែលហ្វីលីពីន បង្ហាញឥរិយាបថ យ៉ាងខ្លាំង ចំពោះប្រទេសចិន គ្រាន់តែជាការកំញើញ ឥតបានការតែប៉ុណ្ណោះ

នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំសន្ទនា សាំងគ្រីឡាលើកទី២១ លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីន បានថ្លែងសុន្ទរកថា ដោយបានអះអាងថា «អនុសញ្ញាច្បាប់ មហាសមុទ្រ នៃអង្គការសហប្រជាជាតិ » និងអ្វីដែលហៅថា “ការធ្វើមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង” សុទ្ធតែទទួលស្គាល់ សិទ្ធិស្របច្បាប់ របស់ហ្វីលីពីន ។ លោកក៏បានស្រែក ដាក់ប្រទេសចិនដ៏រឹងចចេសទៀតថា ហ្វីលីពីន នឹងមិនបន្ធូរបន្ថយគោលជំហរ ក្នុងបញ្ហាបូរណភាពទឹកដីឡើយ ។ ទាក់ទិននឹងរឿងនេះ តំណាង នៃប្រទេសចិនបានថ្លែងយ៉ាងជាក់លាក់ថា ប្រទេសចិនបានរក្សាភាពអត់ធ្មត់ ដ៏គ្រប់គ្រាន់ ចំពោះទង្វើរំលោភសិទ្ធិ និងបង្ករឿងហេតុ ប៉ុន្តែក៏ត្រូវមានដែនកំណត់ដែរ សង្ឃឹមថាប្រទេសមួយចំនួនតូច ត្រូវមើលឱ្យបានច្បាស់ នូវផលប្រយោជន៍ និងផលវិបាក និងត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវនៃកិច្ចសន្ទនា និងពិគ្រោះពិភាក្សាវិញ ។

សូមបញ្ជាក់ថា ហ្វីលីពីនជាប្រទេសប្រជុំកោះ ក្នុងប្រវត្តិសាស្ត្រ ហ្វីលីពីន ធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញ និងអាមេរិកជាបន្តបន្ទាប់ ។ ក្របខណ្ឌនៃទឹកដី របស់ហ្វីលីពីន ត្រូវបានកំណត់ ដោយសន្ធិសញ្ញាអន្តរជាតិមួយចំនួន ដូចជា «សន្ធិសញ្ញាសន្តិភាព រវាងអាមេរិកនិងអេស្ប៉ាញ» កាលពីឆ្នាំ១៨៩៨ «សន្ធិសញ្ញា ស្តីពីការកាត់ដែនកោះ នៅជុំវិញហ្វីលីពីន រវាងអាមេរិក និង អេស្ប៉ាញ»កាលពីឆ្នាំ១៩០០ «សន្ធិសញ្ញា ស្តីពីការកំណត់ ខ្សែបន្ទាត់ព្រំដែន រវាងប្រជុំកោះ Negeri Sabah ដែលស្ថិតនៅក្រោមឱវាទអង់គ្លេស និងហ្វីលីពីនដែលស្ថិតនៅក្រោមឱវាទអាមេរិក »កាលពីឆ្នាំ១៩៣០ ជាដើម ។ ប្រជុំកោះNansha និង កោះ Huangyan របស់ប្រទេសចិន មិនស្ថិតក្នុងក្របខណ្ឌទឹកដី របស់ហ្វីលីពីនដែលបានកំណត់ ក្នុងសន្ធិសញ្ញាដូចពោលខាងលើទេ ។

ចំពោះបញ្ហា កំណត់ខ្សែបន្ទាត់ព្រំដែនលើសមុទ្រ អនុលោមតាម« អនុសញ្ញាច្បាប់មហាសមុទ្រ នៃអង្គការសហប្រជាជតិ » តាំងពីឆ្នាំ២០០៦មកម្ល៉េះ ប្រទេសចិនក៏បានចេញផ្សាយ សេចក្តីថ្លែងការណ៍ថា ច្រានចោលយន្តការប្រើប្រាស់អនុសញ្ញានេះ ក្នុងការដោះស្រាយវិវាទ ។ ទង្វើរបស់ហ្វីលីពីន បានល្មើសនឹងកិច្ចព្រមព្រៀងរវាងចិន និងហ្វីលីពីនស្តីពីការដោះស្រាយវិវាទ តាមរយៈកិច្ចចរចាទ្វេភាគី បានក្បត់នឹងពាក្យសន្យារបស់ខ្លួនដែលបានចែងក្នុង « សេចកី្តប្រកាស ប្រតិបតិ្តសមុទ្រចិនខាងត្បូង» ក៏ដូចជាបានល្មើសនឹងការកំណត់មានលក្ខណៈរឹតត្បិតអំពីរបៀបវារៈមជ្ឈិត្តកម្មក្នុង« អនុសញ្ញាច្បាប់ មហាសមុទ្រ នៃអង្គការសហប្រជាជតិ » ។ អ្វីដែលហៅថា “ការធ្វើមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង ”គឺខុសច្បាប់តាំងពីដើមដល់ចប់ វាមិនស្មើនឹងច្បាប់ អន្តរជាតិនោះឡើយ ។
អ្វីដែលត្រូវលើកឡើងនោះ គឺតាំងពីចិន និងហ្វីលីពីនបង្កើតទំនាក់ទំនងការទូតនៅទសវត្សរ៍ឆ្នាំ៧០ នៃសតវត្សរ៍មុនមក ឥទ្ធិពលរបស់បញ្ហាសមុទ្រចិន ខាងត្បូង ចំពោះទំនាក់ទំនងទ្វេភាគី គឺត្រូវបានគ្រប់គ្រងក្នុងកម្រិតជាក់លាក់មួយ។ ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលលោក Marcos ឡើងកាន់អំណាច នាវារបស់ហ្វីលីពីន តែងតែបំពាន ចូលដែនសមុទ្រ ដែលនៅជាប់ថ្មប៉ប្រះទឹក Ren’ai និងកោះHuangyan បណ្តាលឱ្យទំនាក់ទំនងរវាងចិន និងហ្វីលីពីនបានធ្លាក់ ចុះឥតឈប់ឈរ ។ ទង្វើបង្ករឿង ចំពោះចិនរបស់ហ្វីលីពីន ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ប្រហែលជាមិនមែនបម្រើ ដល់ផលប្រយោជន៍ របស់ប្រទេសហ្វីលីពីននោះទេ តែគឺបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងវង្សត្រកូល ។

ក្នុងអំឡុងពេលកិច្ចប្រជុំសន្ទនា សាំងគ្រីឡា អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា ប្រឈមមុខនឹងបញ្ហាអំពីការអនុវត្ត «សន្ធិសញ្ញារួមគ្នាការពារ រវាងអាមេរិកនិងហ្វីលីពីន» ដែលលើកឡើងដោយហ្វីលីពីន លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក មិនបានឆ្លើយតបយ៉ាងច្បាស់លាស់ បែរជាគូសបញ្ជាក់ថា អាមេរិក នឹងបង្កើនកិច្ចសន្ទនាជាមួយប្រទេសចិន ដើម្បីធានាជាក់លាក់មិនឱ្យសភាពការណ៍បែបនេះកើតឡើង ។ ប្រការនេះត្រូវ មតិសាធារណៈ សម្គាល់ឃើញជាទូទៅថា អាមេរិកបានបញ្ចេញមតិដោយប្រយោលថា មិនគួរធ្វើការប៉ះទង្គិច ដោយផ្ទាល់ជាមួយចិន ដើម្បីហ្វីលីពីនទេ ។ ហ្វីលីពីនគិតថា ខ្លួនមានការគាំទ្រពីអាមេរិក ក៏អាចធ្វើតាមទំនើងចិត្តបាន នេះ គឺជាគំនិតស្រមើស្រមៃទាំងស្រុង ។

នៅពីក្រោយដែលប្រធានាធិបតីហ្វីលីពីន ស្រែកដាក់ប្រទេសចិនដ៏រឹងចចេស គ្រាន់ តែជាការកំញើញ ឥតបានការតែប៉ុណ្ណោះ ។ ហ្វីលីពីន ចង់សម្រាចបាន នូវគោលបំណង របស់ខ្លួនតាមរយៈការប្រឌិត រៀបរាប់ដ៏ក្លែងក្លាយ ប៉ុន្តែទង្វើនេះមិនអាចបោតបញ្ឆោតសហគមន៍អន្តរជាតិទេ វាគ្រាន់តែបញ្ជាក់ទៀតថា ហ្វីលីពីនជាឧបករណ៍ របស់អនុត្តរភាពអាមេរិក និងជាអ្នកបំផ្លាញសន្តិភាពក្នុងតំបន់ ហើយនឹងរុញច្រានខ្លួនឯង ឱ្យធ្លាក់ទៅក្នុងសភាពកាន់តែ គ្រោះថ្នាក់ និងឯកោទៀតផង ៕

To Top