ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ផ្តើមចេញពីរដ្ឋប្រហារនៅទីក្រុងគៀវ

Sputnik

បរទេស៖ ព្រឹត្តិការណ៍សោកនាដកម្មបច្ចុប្បន្ន កំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន បានចាប់ផ្តើមជាមួយនឹងរដ្ឋប្រហារឆ្នាំ២០១៤ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅទីក្រុងគៀវ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយដោយសង្កត់ធ្ងន់ថា លោកខាងលិចគឺត្រូវបាន ស្តីបន្ទោសចំពោះជម្លោះនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកពូទីនបាននិយាយបែបនេះ ជាមួយប្រមុខទីភ្នាក់ងារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF) ។

ប្រធានាធិបតីរុស្ស៊ី បាននិយាយដោយឆ្លើយតបទៅនឹង សំណួររបស់អ្នកកាសែតអាល្លឺម៉ង់ថា “មនុស្សគ្រប់គ្នា នៅលោកខាងលិច ជឿថា រុស្ស៊ីបានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែគ្មាននរណាម្នាក់ – ខ្ញុំចង់សង្កត់ធ្ងន់លើរឿងនេះទេ គ្មាននរណាម្នាក់នៅលោកខាងលិច ក្នុងទ្វីបអឺរ៉ុបចង់ចងចាំពីរបៀប ដែលសោកនាដកម្មនេះបានចាប់ផ្តើមទេ” ។

លោកបន្តថា “វាបានចាប់ផ្តើមជាមួយនឹង រដ្ឋប្រហារនៅអ៊ុយក្រែន ដែលជារដ្ឋប្រហារមិនស្របតាមរដ្ឋធម្មនុញ្ញ។ នេះគឺជាការចាប់ផ្តើមនៃសង្គ្រាម។ អញ្ចឹង តើរុស្ស៊ីត្រូវស្តីបន្ទោស ចំពោះការធ្វើរដ្ឋប្រហារនេះទេ? នោះគឺ ទេ”។

មេដឹកនាំរុស្ស៊ីបានចង្អុលបង្ហាញថា មនុស្សគ្រប់គ្នាហាក់ដូចជាភ្លេច ពីរបៀបដែលរដ្ឋមន្ត្រីការបរទេសប៉ូឡូញ អាល្លឺម៉ង់ និងបារាំង បានមកដល់ទីក្រុងគៀវ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Minsk ជាអ្នកធានាលើការដោះស្រាយ វិបត្តិនៅអ៊ុយក្រែនដោយសន្តិវិធី។

លោកពូទីនបាននិយាយថា ប្រទេសទាំងនេះឥឡូវនេះមិនចង់ចងចាំរឿងនេះទេ ផ្ទុយទៅវិញពួកគេបានសម្រេចចិត្ត ដោះស្រាយជម្លោះដោយប្រើអាវុធប្រឆាំងនឹង ជនស៊ីវិលនៅភាគខាងកើតអ៊ុយក្រែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top