ព័ត៌មានអន្តរជាតិ

ប្រទេសថៃ ៖ ត្រឹម៥ថ្ងៃ ទីក្រុងប៉ាតាយ៉ា មានជនបរទេស៣នាក់ បានធ្លាក់ស្លាប់ពីលើខុនដូ និងសណ្ឋាគារ

បរទេស ៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់ បានធ្លាក់ស្លាប់ពីលើសណ្ឋាគារ ប្រណីតមួយ ក្នុងទីក្រុងប៉ាតាយ៉ា កាលពីយប់ថ្ងៃពុធ។ នេះជាឧបទ្ទវហេតុលើកទី៤ហើយ ដែលមានមនុស្សធ្លាក់ស្លាប់ នៅទីក្រុងឆ្នេរសមុទ្រក្នុងខែនេះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មជ្ឈមណ្ឌលវិទ្យុរបស់មូលនិធិ Sawang Boriboon Thammasathan ត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនៅ Hilton Pattaya តាមបណ្តោយឆ្នេរ ប៉ាតាយ៉ា ប្រហែលម៉ោង ១០ យប់។

ប៉ូលីសទេសចរណ៍ ប៉ូលីសមូលដ្ឋាន និងក្រុមអ្នកជួយសង្គ្រោះ បានទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញហ្វូងអ្នកមើល ហើយបុគ្គលិកនៅផ្សារទំនើបក្បែរនោះ បានដាក់របាំងដើម្បីបិទតំបន់។

សពអ្នកទេសចរណ៍អាយុ៥៧ឆ្នាំ រង់ចាំការជូនដំណឹងពីសាច់ញាតិនោះ ត្រូវបានគេប្រទះឃើញដេកផ្កាប់មុខលើដីចម្ងាយប្រហែល១០ម៉ែត្រពីរបាំង។

បុរសនោះបានស្នាក់នៅជាន់ទី៣៣ នៃសណ្ឋាគារ ។ មន្ត្រីបានចុះពិនិត្យបន្ទប់របស់គាត់ ហើយមិនឃើញមានសញ្ញានៃការតស៊ូ ឬរុះរើឡើយ ដោយរកឃើញតែថ្នាំអាលែហ្សីប៉ុណ្ណោះ ។

សាក្សីបានប្រាប់ប៉ូលិសថា គេឃើញបុរសនោះ ធ្លាក់ពីក្នុងបន្ទប់។ សាកសពគាត់ត្រូវចំផែងផ្កានៅមុខច្រកចូលផ្សារ បង្កការភ្ញាក់ផ្អើល ដល់អ្នកដែលនៅក្បែរនោះ ។ ជនជាតិអាឡឺម៉ង់រូបនេះ គឺជាមនុស្សទី៤ហើយ ដែលបានធ្លាក់ស្លាប់នៅក្រុងប៉ាតាយ៉ាក្នុងខែមិថុនានេះ ដោយឧប្បត្តិហេតុពីមុនរួមមានបុរសជនជាតិថៃអាយុ២៣ ឆ្នាំដែលបានធ្លាក់ពីសណ្ឋាគារកាលពីថ្ងៃទី ១ ខែមិថុនា, បុរសជនជាតិរុស្ស៊ីអាយុ ៣៨ឆ្នាំដែលធ្លាក់ពីខុនដូនៅថ្ងៃទី៣ ខែមិថុនា និងបុរសជនជាតិអាមេរិកអាយុ ៤៣ ឆ្នាំដែលធ្លាក់ពីលើយ៉រសណ្ឋាគារ នៅថ្ងៃទី៤ ខែមិថុនា៕
ប្រែសម្រួលៈ ណៃ តុលា

To Top